រដ្ឋមន្ត្រីក្រសួងព័ត៌មាន៦ប្រទេសពិភាក្សាពីបដិវត្តន៍ឌីជីថលក្នុងជុំទី១ នៃសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៦ប្រទេស បានពិភាក្សាពីបដិវត្តន៍ឌីជីថលក្នុងជុំទី១ នៃសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះថា ការពិភាក្សាពីការវិវត្តនៃបដិវត្តន៍ឌីជីថលនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ បច្ចេកវិទ្យា និងពិភាក្សាពីគុណសម្បត្តិ និងបញ្ហាប្រឈមមួយចំនួនក្នុងការចាប់ យកបច្ចេកវិទ្យាទំនើបនេះ។

ឯកឧត្តមបានបន្ដថា ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានទាំង៦នោះបានលើកជាយោបល់ ជាច្រើនដើម្បីធ្វើយកទៅអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសនីមួយៗ ដើម្បីផ្តល់គុណ តម្លៃដល់សេដ្ឋកិច្ច នយោបាយ និងសង្គមក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាផ្សព្វផ្សាយ ឱ្យទាន់សម័យកាល។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីព័ត៌មានទាំង៦ប្រទេសនោះមានដូចជា រដ្ឋមន្ត្រីក្រសួងព័ត៌ មានកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសហ្វ៊ីលីពីន រដ្ឋមន្ត្រីក្រសួងព័ត៌មានសហភាព មីយ៉ាន់ម៉ា រដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីប្រទេសបង់ក្លាដែស និងអនុរដ្ឋមន្ត្រីប្រទេស សាម័រ៕

ដោយ គង់ សិរីរ័ត្ន (រូបថត៖ ខឹម សុវណ្ណារ៉ា)