សត្វក្រៀលនៅតំបន់អភិរក្ស អន្លង់ព្រីង វិលត្រឡប់មកទ្រនំចាស់វិញ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — តាមការឱ្យដឹងពីអង្គការ ជីវិតសត្វស្លាបអន្តរជាតិ( BirdLife International) នៅថ្ងៃពុធ ១៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ថា វត្តមានសត្វក្រៀលនៅអាង អន្លង់ព្រីង បានវិលមកស្នាក់នៅ និង រកចំណីនៅទីនេះវិញហើយ បន្ទាប់ពីពួវាមួយចំនួនបានបន្លាស់ទីទៅរកចំណីនៅកន្លែងផ្សេងៗ នារដូវប្រាំង ។

ជាទូទៅក្រោយពីពួកវាពង កូនហើយ សត្វក្រៀលមករកចំណីនៅតំបន់ការពារទេស ភាពអន្លង់ព្រីង ជារៀងរាល់ឆ្នាំចាប់ពីខែធ្នូ ដល់ខែឧសភា។ ដោយឡែកក្នុងរដូវកាលឆ្នាំ២០១៨ -២០១៩នេះក្រុមការងារ អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International) ពិនិត្យឃើញ ថា សត្វក្រៀលចុងក្រោយបានចាកចេញពីតំបន់ដីសើមនេះក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ។ តែចម្លែកនាឆ្នាំនេះសត្វក្រៀល មួយហ្វូង(០៨ក្បាល)បានសម្រេចចិត្តត្រឡប់មករកចំណីនៅតំបន់ការពារទេសភាពនេះវិញ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ និងបន្តរស់នៅទីនោះរហូតដល់ពេលបច្ចុប្បន្ននេះ។

ពេលនេះក្រុមការងារ របស់អង្គការជីវិតសត្វស្លាបអន្តរជាតិ កំពុងអង្កេតតាមដាន អំពីភាពមិនប្រក្រតីនេះ និងសំណូមពរដល់ប្រជាសហគមន៍បរបាញ់ ឬកុំរំខានពួកវា ៕

ដោយ ណយ នឿន(ប្រភព BirdLife International)