កម្ពុជា-ថៃ បង្ហាញពីកិច្ចសហប្រតិបត្តិការយោធាក្នុងទសវត្សរ៍ខាងមុខ

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — បទបង្ហាញស្តីពីកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងថៃនៅក្នុងទសវត្សរ៍ខាងមុខ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងសណ្ឋាគារអង្គរ មិរ៉ាខល ក្រុងសៀមរាប ដែលកម្មវិធីនេះរៀបចំឡើងដោយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាអ្នកធ្វើបទបង្ហាញ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹប សុវត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មហាវិទ្យាល័យការពារជាតិថៃ ក្រោមការដឹកនាំដោយសាស្រ្តចារ្យចំនួន ៣០រូប បូករួមនឹងសិក្ខាកាមប្រមាណជាង២០០នាក់ ដែលជាមន្រ្តីជាន់ខ្ពស់មកពីស្ថាប័នយោធា នគរបាល និងស្ថាប័នស៊ីវិលនៃប្រទេសទាំងពីរ បានចូលរួមស្តាប់នៅក្នុងការធ្វើបទបង្ហាញ ស្តីពីកិ ច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងថៃ នៅក្នុងទសវត្សរ៍ខាងមុខនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹប សុវត្តិ ដែលជាវាគ្មិននៅក្នុងការធ្វើបទបង្ហាញនោះ បានឱ្យដឹងថា បើទោះជាមានដំណាក់កាលខ្លះមានភាពរអាក់រអួលក៏ដោយ ក៏ប៉ុន្តែកិច្ចទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃ មានលក្ខណៈពិសេស ហើយប្រការដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះ មានដំណើរការទៅមុខជារៀងរហូតមក គឺអាស្រ័យទៅលើតួនាទីនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាកត្តាសំខាន់។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណុចនេះក៏អាចសង្កេតឃើញបានដែរថា បើទោះជាព្រះរាជាណាចក្រថៃ មានការផ្លាស់ប្តូរ និងកែសម្រួលអ្នកដឹកនាំប្រទេសជាច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា នៅតែរក្សានិរន្តរភាពនៃការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អដោយឥតប្រែប្រួល។ ដោយសារទស្សនៈរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា មានភាពច្បាស់លាស់យ៉ាងដូច្នេះ បានធ្វើឱ្យរាល់សភាពការណ៍ដែលកើតឡើងក្នុងក្របខ័ណ្ឌណាក្តី គឺទទួលបាននូវដំណោះស្រាយយ៉ាងល្អប្រសើរ ដែលប្រការទាំងនេះ ឆ្លុះបញ្ចាំងទៅលើព្រឹត្តិការណ៍ដែលកើតមានជាហូរហែកន្លងមក ។

នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ បានឱ្យដឹងបន្ថែមថា វាក៏ជាបញ្ហាសំខាន់ផងដែរ គឺកត្តាតួអង្គដែលត្រូវបានអនុវត្តន៍ជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជានិងថៃ) ដែលជានិច្ចកាលពង្រឹងបាននូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌជាច្រើន ដែលរួមមាន ៖ ការ    បណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការជួយចែករំលែកឱ្យគ្នាក្នុងការហ្វឹកហ្វឺនជាដើមនោះ។

គួរបញ្ជាក់ថា មហាវិទ្យាល័យការពារជាតិថៃ ក្រោមការដឹកនាំដោយសាស្រ្តចារ្យ រួមទាំងសិក្ខាកាមដែលមានវត្តមាននៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីសិក្សាឈ្វេងយល់អំពីប្រទេសកម្ពុជា លើវិស័យជាច្រើនដូចជាប្រវត្តិសាស្រ្ត សង្គម វប្បធម៌ ប្រពៃណី និងបរិស្ថាន ព្រមទាំងមានគម្រោងធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរផងដែរ៕

ដោយ ហង្ស សៀក