សម្តេចក្រឡាហោម ស ខេង ស្នើឱ្យគ្រប់ភាគីទាំងអស់សហការគ្នា​ដើម្បីលុបបំបាត់​គ្រឿង​ញៀន​​នៅតាមក្លិបកម្សាន្ត ក្នុងឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — ដើម្បីលុបបំបាត់គ្រឿងញៀននៅតាមក្លិបកម្សាន្តឱ្យអស់នៅក្នុងឆ្នាំ ២០១៩នេះ សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឱ្យគ្រប់ភាគីទាំងអស់ សហការ​គ្នាឱ្យ​ជិត​ស្និទ្ធ និងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីលុបបំបាត់គ្រឿងញៀននៅតាមក្លិប​កម្សាន្ដនានា។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ កាលពី​ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នៅក្នុង​ឆ្នាំ២០១៩នេះ គឺត្រូវបញ្ចប់ឱ្យបានក្នុងការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀន​នៅក្នុង​ក្លិបកម្សាន្ត។ សម្តេចក្រឡាហោមបានបន្ដថា ចំណុចនេះ មិនមែនអ្នកណាងាយធ្វើបាននោះទេ ទាល់តែមានការរួមទាំងអស់គ្នាដោយគាំទ្រ និងចូលរួមទើបសម្រេចជោគជ័យ។ សម្ដេចក្រឡា​ហោមបានបន្ដទៀតថា “ករណីនេះ ដើម្បីសុខុមាលភាពសង្គមរបស់យើង បើមិនដូច្នេះទេប្រជា​ពលរដ្ឋ ​នឹងរងគ្រោះដោយសារខារ៉ាអូខេ​ មានគ្រឿងញៀន ដោយសារក្លិបកម្សាន្ដ​មានគ្រឿង​ញៀនជាមិនខាន”។ សម្តេចក្រឡាហោមបានបន្ថែមថា បញ្ហាគ្រឿងញៀនគឺជាការទទួល​ខុសត្រូវចំពោះមុខដ៏ធ្ងន់ធ្ងរណាស់ចំពោះប្រវត្តិសាស្ត្រយើង ហើយមិនត្រូវបណ្តែតបណ្តោយ​នោះទេ គឺយើងត្រូវធ្វើបន្តទៀត ហើយប្រកបដោយការទទួលខុសត្រូវ។ សម្តេចក្រឡាហោម​ក៏បានលើកឡើងថា កន្លងមក អ្នកញៀនថ្នាំល្មមៗ បានធ្វើការអប់រំ ហើយគ្រួសារយកទៅ ផ្ទះ​វិញ ប៉ុន្តែប្រហែលពិបាកក្នុងគ្រួសារ ហើយបើបញ្ជូនទៅមណ្ឌលអប់រំកែប្រែគឺវាណែន។ ដូច្នេះ​ករណីនេះគឺជាបញ្ហាធំចំពោះសង្គមដែលចាំបាច់មានការស្រុះស្រួលគ្នា ក្នុងការទប់ស្កាត់ ទាំង អស់​គ្នា៕

ដោយ ប៊ុនរិទ្ធ