ប្រធានវិទ្យាស្ថាន AIBD អះអាងពីកិច្ចសហការរួមគ្នាក្នុងការជំរុញវឌ្ឍន ភាពការផ្សព្វផ្សាយព័ត៌មានឱ្យស្របទៅតាមការវិវឌ្ឍរបស់បច្ចេកវិទ្យា

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម Fayyar Sheheryar ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍន៍ការ ផ្សព្វផ្សាយ(AIBD) បានបញ្ជាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា នៅក្នុងបរិបទនៃការ ផ្លាស់ ប្ដូរការវិវឌ្ឍនៃបច្ចេកវិទ្យានេះ យើងគប្បីណាសហការរួមគ្នាជំរុញវឌ្ឍនភាព លើការផ្សព្វផ្សាយ ព័ត៌មានឱ្យស្របទៅតាមការវិវឌ្ឍរបស់បច្ចេកវិទ្យា ជាពិសេសធ្វើ យ៉ាងណាឱ្យការផ្សព្វផ្សាយ នេះមានភាពជាវិជ្ជមាន។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Fayyar Sheheryar ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មុននឹងសម្ដេចតេជោ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបើកសន្និសីទកំពូលសារ ព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

ក្នុងជំនួបនោះដែរ ឯកឧត្ដម Fayyar Sheheryar បានគោរពសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ដែលកំពុងតែមានការរីកចម្រើន និងលូតលាស់ និងជាទីចាប់អារម្មណ៍។ ឯកឧត្ដម ក៏បានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្ដមពិតជាមានកិត្តិយសណាស់ដែលបានដឹកនាំគណៈប្រតិភូនៃវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) មកជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោនា ពេលនេះ ជាពិសេសនៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទឹកដីអង្គរដ៏បវររបស់កម្ពុជា។ឯកឧត្ដមបានបញ្ជាក់ថា វត្តមានរបស់ឯកឧត្ដម និងសមាជិករបស់ឯកឧត្ដម ក្នុងសន្និសីទនេះ គឺដើម្បីធ្វើការចែករំលែកនូវចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមកផង និងដើម្បីបម្រើប្រជាជនទូទាំងពិភពលោក ជាពិសេសនៅក្នុងតំបន់ឱ្យ បានទទួលនូវព័ត៌មានតាមវិជ្ជាជីវៈ។

ឯកឧត្ដមក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ជាពិសេសនៅក្នុង បរិបទនៃការផ្លាស់ប្ដូរការវិវឌ្ឍនៃបច្ចេកវិទ្យានេះ យើងគប្បីណាសហការរួមគ្នា ជំរុញវឌ្ឍនភាពលើការផ្សព្វផ្សាយនេះឱ្យស្របទៅតាមការវិវឌ្ឍរបស់បច្ចេកវិទ្យា ជាពិសេសធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយនេះមានភាពជាវិជ្ជមាន។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍សមាជិក វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) ដែលបានមកចូលរួមក្នុង សន្និសីទនៅខេត្តសៀមរាបនាពេលនេះ។សម្ដេចបានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូថា កម្ពុជាកំពុងតែធ្វើការផ្លាស់ប្ដូរ អំពីការផ្សព្វផ្សាយពីអាណាឡូក ទៅជាឌីជីថលដោយត្រូវបញ្ចប់រួចរាល់ នៅឆ្នាំ២០២៣ ខាងមុខនេះ ហើយទូរទស្សន៍ជាតិកម្ពុជាក៏មានការប្រើប្រាស់ពី អាណូឡូកទៅជាឌីជីថល ហើយដែរ។ សម្ដេចក៏បានជម្រាបជូនគណៈប្រតិភូជាមួយផងដែរ អំពីការផ្លាស់ប្ដូរការវិវឌ្ឍខាង បច្ចេកវិទ្យានេះ គឺជារឿងមួយ ប៉ុន្តែការផ្លាស់ប្ដូរ និងការអភិវឌ្ឍខ្លឹមសារនៃការ ផ្សព្វផ្សាយគឺជារឿងមួយទៀត ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានដែលមិនពិត។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ទន្ទឹមនឹងការជឿនលឿន ផ្នែកបច្ចេកវិទ្យាដ៏វិជ្ជមាននេះ យើងគប្បីណាជំរុញ និងរៀបចំធ្វើយ៉ាងណាឱ្យមានការវិវឌ្ឍ លើការផ្សព្វផ្សាយព័ត៌មានឱ្យមានភាពវិជ្ជមានផងដែរ៕

ដោយ ជឹម ណារី