រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបល្បែងបាញ់ត្រី និងចាក់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩  — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យសមត្ថ កិច្ច ចុះបង្ក្រាបល្បែងបាញ់ត្រី និងចាក់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញឱ្យអស់ ដោយមិនត្រូវ​ទុកឱ្យនៅមានតទៅទៀតនោះទេ។ ការលើកឡើងនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា នៅភ្នំពេញមានល្បែងបាញ់ត្រី មិនដឹងគេ​បាញ់របៀបណា ប្រហែលគេថាមានអ្នកនេះ អ្នកនោះ នៅពីក្រោយហើយ។ សម្ដេចក្រឡា​ហោមបានបន្ដថា “អាហ្នឹងគឺជាល្បែងស៊ីសងមួយ ខ្ញុំក៏មិនដឹងដែរ សូម្បីទឹកភ្លៀង មិនដឹង គេលេងរបៀប ណាម៉េចផង។ ខ្ញុំសួរថាតើគេលេងទឹកភ្លៀងបែបណា ត្រូវបង្ក្រាប ទាំងល្បែង​ចាក់ទឹកភ្លៀង និងល្បែងបាញ់ត្រីផង។” សម្តេចក្រឡាហោមក៏បានអំពាវនាវដល់​សមត្ថ​កិច្ច​ទាំង​កងកម្លាំងកងរាជអាវុធហត្ថ នគរបាល ទាំងអ្នកគ្រប់គ្រងទាំងអស់សូមឱ្យមើលកុំចាត់​តាំង​កម្លាំង​របស់ខ្លួនទៅយាមកន្លែង ខារ៉ាអូខេ ឬកន្លែងល្បែង ព្រោះថាកាលណា​យកកម្លាំង​ទៅ ទីមួយ​គឺខុសច្បាប់ និងមិនត្រូវតាមបទបញ្ជានៃការប្រើប្រាស់កម្លាំង។ សម្តេចក្រឡាហោមបាន​បន្ថែម​ថា កងកម្លាំងដែលត្រូវទៅយាមកន្លែងខារ៉ាអូខេដែលមានប្រើប្រាស់គ្រឿងញៀន គឺ​ប្រៀបដូចជាទៅយាមគ្រឿងញៀន ដែលករណីនេះ គឺកាន់តែខុសធ្ងន់ធ្ងរថែមទៀត ដូច្នេះ សូមកុំឱ្យមាន៕

ដោយ ប៊ុនរិទ្ធ