លោកជំទាវ Alelee Aguilar ភរិយាឯកឧត្តម Martin Andanar រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រទេស ហ្វីលីពីន អញ្ជើញទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ក្នុងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — លោកជំទាវ ខៀវ ទេព រង្ស៉ី កាញារីទ្ធ បានដឹកនាំគណៈប្រតិភូភរិយារដ្ឋមន្រ្តី ក្រសួង ព័ត៌មាននៃប្រទេសហ្វីលីពីន ដែលអញ្ជើញមកចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ នៅខេត្តសៀមរាប បានទៅទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ក្នុងខេត្ត សៀមរាប។

នៅក្នុងដំណើរទស្សនកិច្ចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ Alelee Aguilar ភរិយាឯកឧត្តម Martin Andanar លេខាធិការប្រធានាធិបតី ទទួលបន្ទុកជារដ្ឋមន្រ្តីព័ត៌មាន នៃប្រទេសហ្វីលីពីន បានចាប់អារម្មណ៍ខ្លាំងទៅលើការ សម្តែងរបាំ ការអប់រំកុមារ នៅក្នុងសាលានេះ ដោយបានលើកឡើងថា គឺមានភាពល្អប្រសើរ ជាពិសេសការគោរពវិន័យ ការអប់រំចិត្ត តាមរយៈឱ្យកុមារធ្វើសមាធិ នៅចុងម៉ោងសិក្សា។

ជាមួយនេះដែរ លោកជំទាវក៏បានកោតសសើរដល់ទេពកោសល្យរបស់សិស្សា នុសិស្សវត្តបូព៌ ដែលចេះសម្តែងរបាំ និងបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរ បានយ៉ាងល្អ។ លោកជំទាវបានចាត់ទុកវប្បធម៌ ប្រពៃណីខ្មែរ ជាវប្បធម៌មួយដែលមានភាពទន់ភ្លន់។

លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ បានឱ្យដឹងថា សាលាបឋមសិក្សាវត្តបូព៌ គឺជាសាលាមួយដែលទទួលបានចំណាត់ថ្នាក់ល្អផ្នែក វិស័យអប់រំនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ានផងដែរ។

លោកបានបន្តថា បច្ចុប្បន្ននេះសាលាវត្តបូព៌បានធ្វើការបណ្តុះបណ្តាលធនធាន មនុស្សដោយផ្តោតសំខាន់ទៅលើ៥ចំណុចរួមមាន៖ ការអប់រំបញ្ញា ការអប់រំកាយ ការអប់រំសិល្បៈ ការអប់រំពលកម្ម និងការអប់រំសោភណ។ តាមរយៈនៃការអប់រំ ទាំង៥ចំណុចនេះ បានធ្វើឱ្យសិស្សនៃសាលាវត្តបូព៌មានវិន័យ និងចំណេះដឹងល្អ។

លោកបានបន្ដទៀតថា តាមរយៈការមកទស្សនកិច្ចរបស់គណៈប្រតិភូភរិយា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសហ្វីលីពីននៅពេលនេះ គឺជាកិត្តិយលមួយសម្រាប់សាលាវត្តបូព៌នឹងបានបង្ហាញពីភាពរីកចម្រើនលើវិស័យអប់រំនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ៕

ដោយ ឃុត សៅ( រូបថត៖ ផែន រតនៈ)