លោក ត្រាំ ថា លោក បានទទួលលិខិតមួយ ពីមេដឹកនាំកំពូលកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump  ) បាននិយាយពីថ្ងៃអង្គារថា លោកបានទទួលលិខិត« ដ៏ស្រស់ស្អាត » មួយពីលោក​ គីម ជុងអ៊ុន ( Kim Jong Un )  មេដឹកនាំកំពូលកូរ៉េខាងជើង​ ។

លោក ត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មាននៅមុនការចេញដំណើរពីសេតវិមានទៅឡូវ៉ា ថា លោកបានទទួលលិខិតមួយ « យ៉ាងកក់ក្តៅបំផុត»  និង«ស្រស់ស្អាតបំផុត » ពីលោក គីម កាលពីថ្ងៃចន្ទ ដោយលោកមិនបានផ្តល់ឱ្យនូវព័ត៌មានលំអិតអំពីលិខិតនោះថែមទៀតទេ​ ។

លោក ត្រាំ ក៏បាននិយាយដដែលៗ ផងដែរនូវទំនាក់ទំនងដ៏ល្អរបស់លោកជាមួយលោក គីម ក៏ដូចជាសក្តានុពលដ៏ធំសម្បើមរបស់កូរ៉េខាងជើង  ។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Morgan   Ortagus បាននិយាយពីថ្ងៃចន្ទ​នៅឯសន្និសីទសារព័ត៌មានមួយថា លោក ត្រាំ និងរដ្ឋមន្ត្រី ការបរទេសរបស់លោក គឺលោក ម៉ៃ ប៉ុមប៉ែវ ( Mikw Pom peo ) បានគ្រោងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និង កូរ៉េខាងត្បូង ក្នុងចុងខែមិថុនា នេះ ដើម្បីពិភាក្សាពីការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ជាមួយពួកមេដឹកនាំសម្ព័ន្ធមិត្តរបស់អាម៉េរិកទាំងពីរនេះ  ។

លោក   Ortagus  ក៏បានបញ្ជាក់អះអាងផងដែរថា ក្រុង វ៉ាស៊ីងតោន នៅតែបើកចំហដដែលការធ្វើកិច្ចចរចាជាមួយក្រុងព្យុងយ៉ាងដោយឡែកបានសង្កត់ធ្ងន់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង គេនឹងមិនដកចេញទេ  ។

កិច្ចចរចាធ្វើមិនឱ្យមាននុយក្លេអ៊ែររវាង ស.រ.អា និង កូរ៉េខាងជើងបានគាំងដំណើរចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ រវាងលោក ត្រាំ និងលោក គីម បានបញ្ជាក់ទៅដោយគ្មានកិច្ចព្រមព្រៀងគ្នាណាមួយ កាលពីក្នុងខែកុម្ភៈ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម​​៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )