មេដឹកនាំកូរ៉េខាងជើងជឿជាក់ថា កិច្ចប្រជុំកំពូលជាមួយលោក ពូទីន នឹងទទួលបាន  «ផ្លែផ្កាសម្បូរបែប »

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទីក្រុងព្យុងយ៉ាងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន បានបង្ហាញទំនុកចិត្តយ៉ាងខ្លាំងកាលពី​ថ្ងៃពុធ​ថា​ កិច្ចព្រមព្រៀងដែលលោកបាន​សម្រេចជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីខែមេសា នោះនឹងទទួល​បាន​«ផ្លែផ្កាសម្បូរបែប» នឹងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវយុទ្ធសាស្រ្ត និងកិច្ចទំនាក់ទំនង​ជា​ប្រពៃណីរបស់ពួកគេ។

តាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ​(KCNA)បានឱ្យដឹងថា នៅក្នុងសារស្វាគមន៍មួយ​ដែល​បានផ្ញើជូន​លោក ពូទីន នៅក្នុងឱកាសទិវាជាតិរបស់​ប្រទេស​រុស្ស៊ី លោក គីម ក៏បាន​និយាយ​ថា​ វាជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងពីរ ​ក្នុង​ការ​ដាក់ប្រពៃណីដែលមាន​អាយុច្រើនសតវត្សនេះជាមិត្តភាពនៅក្នុងកម្រិតខ្ពស់មួយ។

លោក គីម ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា វាគឺជាការទទួលខុសត្រូវរួមរបស់​យើងតាំងពីសម័យមុន និងជាប្រវត្តិសាស្រ្ត ដើម្បីដាក់ប្រពៃណីរាប់រយសតវត្សនេះជាមិត្តភាព​នៅ​ក្នុងកម្រិតខ្ពស់មួយ ។

លោកបានបន្ថែមថា ខ្ញុំសូមបង្ហាញជំនឿរឹងមាំថា ការយល់ដឹងរួម និងកិច្ចព្រមព្រៀង​នានា​ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដ៏សំខាន់លើកដំបូងរបស់យើង នឹងទទួលបាន​ផ្លែផ្កា​យ៉ាងច្រើន ហើយជាលទ្ធផលទំនាក់ទំនងមិត្តភាពជាយុទ្ធសាស្ត្រ និងប្រពៃណីរវាងកូរ៉េខាង​ជើង និងរុស្ស៊ីដែលត្រូវបានផ្តល់ដោយមេដឹកនាំទាំងពីរមុននឹងបន្តកិច្ចអភិវឌ្ឍន៍។

ប្រទេសកូរ៉េខាងជើងបាននឹងកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងរបស់ខ្លួន ដែលរួមមានប្រទេសចិន និងរុស្ស៊ី ដែលហាក់ដូចជាមានបំណងដើម្បីទទួល​បានការគាំទ្រនៅពេលមានកិច្ចចរចានុយក្លេអ៊ែរដែលបានជាប់គាំងជាមួយសហរដ្ឋអាមេរិក។

នៅក្នុងសារលិខិតជូនលោក ពូទីន លោក គីម បានហៅកិច្ចប្រជុំកំពូលកាលពី​ខែមេសា​ថា ​ជាឱកាសដ៏សំខាន់ ដែលបានធ្វើឱ្យទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដ៏ស្មោះត្រង់ និងល្អ​ប្រសើរ រវាងខ្លួនយើងព្រមទាំងបានបើកនូវប្រវត្តិសាស្ត្រថ្មីនៃមិត្តភាពកូរ៉េខាងជើង-រុស្ស៊ី៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )