វៀតណាមជួយបង្កើនតួនាទីរបស់អាស៊ាននៅក្នុងអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩​ — យោងតាមអត្ថបទដែលចុះផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ដោយសារព័ត៌មានបាងកកប៉ុស្តិ៍របស់ប្រទេសថៃបានឱ្យដឹងថា វៀតណាមនឹងបន្តលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសបន្ទាប់ពីប្រទេសនេះត្រូវបានបោះឆ្នោតឱ្យក្លាយជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប (UNSC) ជាលើកទី ២។

អត្ថបទនេះបានកត់សម្គាល់ថា ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមឥណ្ឌូចិន វៀតណាមបានសម្របខ្លួន និងកែតម្រូវខ្លួនឯងដើម្បីក្លាយជាកម្លាំងក្នុងតំបន់មួយដែលត្រូវបានគេគិតគូរ។ ខណៈដែលប្រទេសនេះរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយជាមួយនឹងអាសនៈសមាជិកមិនអចិន្ត្រៃយ៍នៅ UNSC ប្រទេស      វៀតណាមកំពុងរៀបចំបញ្ជីការងារធុរកិច្ចជាច្រើនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

យោងតាមសារព័ត៌មាននោះបានឱ្យដឹងថា កាលពីសប្តាហ៍មុន មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស     វៀតណាម និងជប៉ុន បានចូលរួមសិក្ខាសាលាមួយចំនួនស្តីពីទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងរបស់ពួកគេនៅក្នុងទិវាអាស៊ាន-ជប៉ុន។ សន្និសីទដែលមានការចូលរួមដោយគណៈប្រតិភូជិត ៤០០នាក់ បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ដែលប្រទេសជប៉ុនបានភ្ជាប់ទំនាក់ទំនងជាមួយវៀតណាម ដែលបច្ចុប្បន្នជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន – ជប៉ុន និងមានតួនាទីរបស់ខ្លួននៅក្នុងគោលនយោបាយការបរទេសរបស់ជប៉ុន។

លើសពីនេះទៀត អត្ថបទនេះបាននិយាយថា មុខមាត់ជាសាកលរបស់វៀតណាមត្រូវបានលើកកម្ពស់ចាប់តាំងពីការទទួលជោគជ័យនៃកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក – កូរ៉េខាងជើង លើកទី ២ កាលពីខែកុម្ភៈ ឆ្នាំនេះ។ ទោះបីជាមិនមានកិច្ចព្រមព្រៀងស្តីពីផែនការគ្មានអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ប្រទេស         វៀតណាមបានក្លាយជាផ្នែកមួយនៃការអភិវឌ្ឍនាពេលអនាគតរបស់ឧបទ្វីបកូរ៉េ ជាពិសេសនៅក្នុងបញ្ហាទាក់ទងនឹងផែនការសេដ្ឋកិច្ច និងការផ្លាស់ប្តូរ។

អត្ថបទនេះបានសរសេរថា វៀតណាមបានរៀបចំរួចជាស្រេចនូវការងារទូទៅនៃតួនាទីរបស់ខ្លួនជាប្រធានអាស៊ាននៅឆ្នាំក្រោយ ដោយផ្តោតទៅលើការកសាងសហគមន៍អាស៊ានដើម្បីពង្រឹងការផ្សារភ្ជាប់គ្នារបស់ខ្លួន និងកាត់បន្ថយគម្លាតរវាងសមាជិកថ្មី និងសមាជិកចាស់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)