ស្នងការខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — ព្រឹក​ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែ​មិថុនា​ ឆ្នាំ​២០១៩នេះ​ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ច​សហ​ប្រតិបត្តិការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែឧសភា ឆ្នាំ២០១៩ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត ក្រោមអធិបតីភាពលោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ​ ស្នងការនគរបាល​ខេត្តព្រះសីហនុ ​។

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ​ មានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួន ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ ក្នុង​នោះ​ត្រូវ​យកចិត្ត​ទុកដាក់ពង្រឹងការងារប្រចាំថ្ងៃ ប្រចាំ​បញ្ជា​ឱ្យបានច្បាស់លាស់ និងហ្មត់ចត់ ត្រូវ​​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំឱ្យ​បាន​ទាន់​ពេល​វេលា​ កម្លាំងប្រចាំការត្រូវត្រៀមលក្ខណៈ សម្រាប់​ចេញទៅ​អន្តរាគមន៍ នៅពេល​មាន​ហេតុការណ៍​កើតឡើង ។

ទន្ទឹមនោះលោក​ឧត្តម​សេនីយ៍​ស្នងការ​ ក៏បានកោតសរសើរចំពោះកងកម្លាំងនគរបាលចរាចរណ៍​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់​សស្រាំ​ ធ្វើការ​ដោយ​ហត់នឿយ​ ហាល​ភ្លៀង ហាលថ្ងៃ ដើម្បី​សម្រួល​ការ​កកស្ទះ​ចរាចរណ៍​ និង​ចេញ​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ ពេល​មាន​ឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងភូមិសាស្ត្ររបស់ខ្លួន បានទាន់ពេលវេលា ។

លោក​ស្នងការ​បាន​ជំរុញ​ដល់មន្ត្រីនគរបាល ត្រូវយកចិត្តទុកដាក់លើ​ការងារព្រហ្មទណ្ឌ ការ​ងារ​ចរាចរណ៍ផ្លូវគោក សណ្តាប់​ធ្នាប់​ ពិសេសបញ្ហា​គ្រឿង​ញៀន ព្រោះគ្រឿងញៀនជា​បញ្ហា​មួយ​ក្តៅ​គគុក​ ជា​ដើម​ចម​នាំ​ឱ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ។ ​ដូច្នេះត្រូវរឹតបន្តឹង ស្រាវជ្រាវ ចុះទៅដល់ហាងខារ៉ាអូខេ ក្លិប​កម្សាន្ត​ និង​ទី​កន្លែង​ដែល​ងាយ​នឹង​កើត​ឡើង​បទល្មើស​គ្រឿងញៀន ដោយធ្វើការអប់រំ ឬធ្វើកិច្ចសន្យាចំពោះម្ចាស់ទីតាំង ក្នុង​ករណី​មាន​ការ​ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវ​មាន​វិធានការបង្ការបង្ក្រាបភ្លាមៗ ។ រាល់ក្លិប​កម្សាន្ត​រាត្រី​ ខារ៉ាអូខេ​ ហាង​ម៉ាស្សា​ណា​ ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​បង្កប់​សេវាកម្ម​ផ្លូវភេទ​ ត្រូវ​ បង្ក្រាបឱ្យបាន ។  ក្នុងឱកាសនោះដែរ លោក​ឧត្តម​សេនីយ៍ ទោ ជួន ណា​រិន្ទ​ បាន​ឧបត្ថម្ភ​អាវ​យឺត​ជា​ច្រើន​ជូន​ដល់​កងកម្លាំង​នគរបាលក្រុង ស្រុក និងការិយាល័យផងដែរ ៕

ដោយ ងូ សុមុនី