ឯកឧត្ដម គួច ចំរើន ស្ថាបនា ផ្លូវ១ខ្សែតាមរយៈប្រជាពលរដ្ឋសរសេរស្នើសុំក្នុងបណ្ដាញសង្គម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចិន សារ៉ាត ខេត្តកំពង់ចាម៖

ឯកឧត្ដម គួច ចំរើនអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ផ្លូវ១ខ្សែ ស្ថិតនៅក្នុងភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ មានប្រជាពលរដ្ឋធ្លាប់សរសេរស្នើសុំ ឯកឧត្ដម តាមរយៈបណ្ដាញសង្គម ដោយមានចម្ងាយ ពីផ្លូវបំបែកស្គន់ មកកាន់ភូមិបឹងជ្រោយ ប្រវែង ៤.៥០០ម៉ែត្រ ប៉ុណ្ណោះ មានការលំបាក និងមានប្រជាពលរដ្ឋ រស់នៅច្រើន ព្រមទាំង មានតំបន់ទេសចរណ៍ ១កន្លែង សម្រាប់ទាក់ទាញភ្ញៀវ ឲ្យមកទស្សនាកម្សាន្ត នៅទីនេះ ជាពិសេស គឺនៅរដូវវស្សា ផងដែរ ។


ឯកឧត្ដម បានបន្តថា បន្តាប់ពីការស្នើសុំនោះមក ឯកឧត្ដម និងសហការី តែងបានខិតខំប្រឹងប្រែង ព្យាយាម ដើម្បី រកថវិកាមកស្ថាបនាផ្លូវ ១ខ្សែ នេះឡើង ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ យ៉ាងណាម៉ិញ ដោយសារប្រាក់ចំណូលនៅក្នុងឆ្នាំ២០១៩ ជាពិសេស ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមដំបូលសុខសន្តិភាព ការអភិវឌ្ឍន៍ ចេះតែកើតមានឡើង ជាបន្តបន្ទាប់ ទើបសម្ដេចតេជោ បានទម្លាក់ថវិកា មកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នជំនាញ ដើម្បី បានស្ថាបនាផ្លូវ ១ខ្សែ ប្រវែង ៤.៥០០ម៉ែត្រ នេះឡើង បានឆ្លើយតបទៅតាមសំណូមពរ និងសេចក្តីត្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងន័យលើកកម្ពស់ជីវភាព ឲ្យកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត ។

ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ មានប្រវែង ៤.៥០០ម៉ែត្រកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្ដម គួច ចំរើន ផ្ដាំផ្ញើ ដល់អ្នកទទួលការគម្រោង ត្រូវយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន ដោយចេះសម្របសម្រួល ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ ពេសេស ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានសងខាងផ្លូវ ត្រូវចូលរួម បរិច្ចាកនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន នៅពេលការដ្ឋានចាប់ផ្ដើម ធ្វើយ៉ាងណា ឲ្យកិច្ចដំណើរការគម្រោង សម្រេចលទ្ធផលល្អ ដើម្បី យើងទទួលបានសមិទ្ធផល ទុកប្រើប្រាស់ទាំងអស់គ្នា ពីព្រោះថា នៅពេលទទួលបានផ្លូវល្អហើយ វាងាយស្រួលធ្វើដំណើរ ផ្លូវល្អ មិនបង្ករគ្រោះថ្នាក់ និងផលប៉ះពាល់បរិស្ថាន ជាពិសេស បានផ្លូវល្អកាលណា វានឹងកាន់តែនាំភ្ញៀវទេសចរ មកកម្សាន្តនៅក្នុងបឹងជ្រោយនេះកាន់តែច្រើនទ្វេរឡើងថែមទៀត៕