សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ នឹងជួយដោះស្រាយបញ្ហាប្រឈមបដិវត្តន៍បច្ចេកវិទ្យាទំនើប

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា សន្និសីទកំពូល សារព័ត៌មានអាស៊ីលើកទី១៦ បានផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួល បន្ទុកព័ត៌មានប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឱ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់ តែងគោលនយោបាយនៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍ គុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុង អំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។

ថ្លែងក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខា ខេត្ដសៀមរាប ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សន្និសីទកំពូលនេះនឹងផ្តល់ជូនឱ្យអ្នកចូលរួមតាមការរំពឹង ទុកជាមួយនឹងប្រធានបទដែលកំពុងក្លាយជាតម្រូវការដ៏ចាំបាច់ស្តីពី «ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍន៍»។

ទន្ទឹមនេះ គណៈប្រតិភូដែលបានអញ្ជើញមកពីប្រទេស ចំនួន៤២ រួមជាមួយនឹង វាគ្មិនដែលមានជំនាញ និងបទពិសោធន៍ប្រមាណ៧០នាក់ ដែលចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ក្នុងកិច្ចប្រជុំ ពេញអង្គរបស់សន្និសីទសារព័ត៌មាន អាស៊ីនេះរួមមាន៖ របៀបនៃការសម្របខ្លួនទៅនឹងបដិវត្តន៍ឌីជីថល ការប្រមើលមើលប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ការធ្វើសមាហរណ កម្មបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់ការបង្កើតមាតិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានមិនពិត ការរកប្រាក់របស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ឬប្រព័ន្ធផ្សព្វផ្សាយថ្មី (ការបំពេញឱ្យគ្នា ឬក៏ជាការប្រកួតប្រជែង) បច្ចេកវិទ្យាសម្រាប់ការចែកចាយមាតិកា របស់ប្រព័ន្ធផ្សព្វផ្សាយ និងការរក្សាពេលវេលារបស់យើងតាមរយៈការប្រមូលឯកសារ និងរក្សាទុករួមទាំងកិច្ចពិភាក្សាតុមូលរបស់នាយកប្រតិបត្តិ(CEO)ស្តីពី៖ ឌីជីថលភាវូប នីយកម្ម និងភាពជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយ។ សន្និសីទកំពូលនេះក៏ជា ទីកន្លែងសម្រាប់កិច្ចប្រជុំផ្សេងៗទៀតដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពីកិច្ចសហ ប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយ កិច្ចប្រជុំទ្វេភាគីរបស់គណៈប្រតិភូ ដែលមានវត្តមាន និងកិច្ចប្រជុំរបស់នាយកប្រតិបត្តិស្តីពីព័ត៌មានមិនពិត ក្នុងចំណោមកិច្ចប្រជុំដទៃទៀត។

លោក Fayyaz Sheheryar ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក បានឱ្យដឹងថា បច្ចេកវិទ្យាឌីជីថលនិងទិន្នន័យធំៗ(Big Data)នៅតាមប្រទេស នីមួយៗ ទីផ្សារនីមួយៗនិងសង្គមនីមួយៗ កំពុងជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បង្កើនគុណភាពនៃអភិបាលកិច្ច និងបង្កើនកម្រិតនៃសេវាសាធារណៈ និងតម្លាភាព។

លោកបានបន្ថែមថា តាមការពិសោធន៍ និងភស្តុតាងជាច្រើនបានបញ្ជាក់ថា ឌីជីថលភាវូបនីយកម្មបានចូលរួមក្នុងការកាត់បន្ថយភាពអត់ការងារធ្វើ ការធ្វើការកែលម្អ គុណភាពនៃជីវិត និងការបង្កើនលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការទទួ លយកសេវាកម្មសាធារណៈ តែវា អាស្រ័យ លើវិសាលភាពនៃការទទួលយក និងការអនុវត្តជាក់ស្តែង។ សន្និសីទកំពូលសារព័ត៌មានអាស៊ី ត្រូវបានរៀបចំឡើងជា លើកដំបូង នៅឆ្នាំ២០០៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៨។​

ចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នេះ និងការផ្តល់អនុសាសន៍ជាច្រើនពីប្រទេសជា សមាជិកវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ(AIBD) ហើយក្រោយ មក សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី៦ត្រូវបានប្តូរទៅរៀបចំនៅទីក្រុង ម៉ាកាវប្រទេសចិន នៅក្នុងឆ្នាំ២០០៩ ហើយបន្ទាប់មកទៀតបានរៀបចំឡើងនៅ ប្រទេសឥណ្ឌូណេស៊ី ថៃ វៀតណាម អារ៉ាប៊ីសាអូឌីត ឥណ្ឌា និងនៅចុងក្រោយ គឺរៀបចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន (រូបថត៖ ហ៊ុន យុទ្ធគុណ)