តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា៖ ព័ត៌មានមិនពិតបានរីករាលដាល៦ដង លឿនជាងរឿងពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានលើកឡើងថា តាមការសិក្សានៅក្នុង ឆ្នាំ២០១៨ បានរកឃើញថា ព័ត៌មានមិនពិតបានរីករាលដាល៦ដង លឿនជាងរឿងពិតនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនៅពេលដែលពិភពលោកប្រើទំនាក់ទំនង តាមអនឡាញ កាន់តែច្រើន នឹងមានការកើនឡើងកាន់តែខ្លាំងនៃចំនួនព័ត៌មានមិនពិត។

ក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្ដសៀមរាប លោក Sardar Umar Alam តំណាងអង្គការ យូណេស្កូប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់ តែខ្លាំងឡើងសម្រាប់ឧបករណ៍ក្នុងការស្វែងរកបរិស្ថាននៃប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន អង្គការយូណេស្កូ បានគាំទ្រការអភិវឌ្ឍសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន និងយុទ្ធសាស្រ្ដនៅក្នុងប្រទេស។

លោកបានបន្ដថា ការអភិវឌ្ឍសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាននេះ ជួយដល់មនុស្សគ្រប់រូបអាចទទួលបាននូវជំនាញចាំបាច់ ដើម្បីវាយតម្លៃការប្រើប្រាស់ និងរួមចំណែកដល់ព័ត៌មាន និងខ្លឹមសារនៃប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកបានអះអាងថា ជំនាញទាំងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រឈមមុខនឹងបញ្ហា ព័ត៌មានមិនពិត ការថ្លែងនូវការមិនពេញចិត្ដ ព្រមទាំងភាពជ្រុលនិយមដោយហិង្សា។

ទន្ទឹមនេះ អង្គការយូណេស្កូ មានសេចក្ដីសោមនស្សរីករាយ ដែលមើលឃើញថា នឹងមានកិច្ចពិភាក្សាមួយនៅថ្ងៃនេះ  ដើម្បីធ្វើការពិចារណាលើបញ្ហានៃព័ត៌មានមិនពិត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។ តំណាងអង្គការយូណេស្កូបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះឃើញថា រដ្ឋាភិបាលនៅក្នុងតំបន់បានរារាំង ឬបន្ថយការភ្ជាប់ប្រព័ន្ធផ្សព្វ ផ្សាយសង្គម ដើម្បីការពារការផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីការវាយប្រហារភេរវករ ឬការតវ៉ាទ្រង់ទ្រាយធំ។ តែទោះបីយ៉ាងណាក៏ដោយ អ្វីដែលជាការពិតគឺតម្រូវការកើនឡើង ដើម្បីទទួលបាននូវសមត្ថភាព ដែលជាចំណេះដឹង ជំនាញ និងអាកប្បកិរិយា ដែលចាំបាច់ ដើម្បីរុករកបណ្ដាញាសង្គម និងបច្ចេកវិទ្យាដែលផ្លាស់ប្ដូរជាអចិន្រ្ដៃយ៍។

សូមបញ្ជាក់ថា ប្រធានបទក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩នេះ ស្ដីពីឌីជី ថល ភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយដោយផ្ដោតលើទីផ្សារកំពុងអភិវឌ្ឍន៍ ដែលផ្ដល់នូវឱកាស និងយកចិត្ដទុកដាក់លើការរីកចម្រើននៃបច្ចេកវិទ្យានៅជុំវិញខ្លួនយើង និងកម្រិតឌីជីថល ភាវូបនីយកម្ម ទាំងការទទួលយក និងការប្រើប្រាស់ ក៏ដូចជាផលប៉ះពាល់នៃឌីជីថល ភាវូបនីយកម្មនៅក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងសង្គមជាតិទាំងមូល៕

ដោយ អ៊ុន រិទ្ធី (រូបថត៖ ហ៊ុន យុទ្ធគុណ)