គណៈប្រតិភូខេត្តជាំងស៊ី ប្រទេសចិន ឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី ប្រទេសចិន បានដឹកនាំគណ:ប្រតិភូចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគ នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ឯកឧត្តម យន្ត មីន បានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានដូចជា វិស័យ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ។ ខេត្តមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះចំនួន៣៣ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនិងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍  វិស័យឧស្សា ហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា វិស័យអាទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្ន រួមមាន ៖ ទី១-កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិមាណទំនិញនាំចេញ-ចូលទូទាំងប្រទេស ។ ទី២-ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បាននិងកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ មានជើងហោះហើរចំនួន ១៣៣ជើង ក្នុងមួយសប្តាហ៍ ហោះហើរទៅកាន់អន្តរជាតិមាន ៩១ជើងក្នុងមួយសប្តាហ៍ ។ ទី៣-តំបន់សេដ្ឋកិច្ចពិសេសបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការនិងមានរោងចក្រធំ តូចសរុប ២១៩កន្លែង សិប្បកម្មអាជីវកម្មខ្នាតតូច និងមធ្យមមាន ១.០៣៧កន្លែង និងសេវាកម្មផ្សេងៗទៀត ស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២នាក់ ក្នុងនោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំនួន ៨ពាន់លានដុល្លារអាម៉េរិក និងធានាសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិ យោគនៅខេត្តព្រះសីហនុ។

លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី មានប្រសាសន៍ថា គណ ប្រតិភូមានគោលបំណងឈ្វេងយល់ពីសក្តានុពល និងកាវិនិយោគនៅខេត្តព្រះសីហនុ ក្រុមហ៊ុនវិនិយោគរបស់លោកចង់មកធ្វើការវិនិយោគលើវិស័យធនគារ និងសំណង់នៅខេត្តព្រះសីហនុ ព្រមទាំងបានកោតសរសើរឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំខេត្តមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានអ្នកវិនិយោគិន មកកាន់ខេត្តព្រះសីហនុ យ៉ាងគំហុក ហើយសង្ឃឹមថា នឹងមានអ្នកវិនិយោគិនមកកាន់ខេត្តព្រះសីហនុបន្តទៀត ។ លោកក៏បានសន្យាថា ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់វិនិយោគខេត្តជាំងស៊ី ឱ្យមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ៕

ដោយ ងូ សុមុនី