លោកជំទាវ ភរិយាមន្ត្រីព័ត៌មានជាន់ខ្ពស់ហ្វីលីពីនចាប់អារម្មណ៌ខ្លាំងទៅលើការសម្តែងរបាំ នៅការអប់រំកុមារនៅសាលាបឋមសិក្សាវត្តបូរព៌ខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

សៀមរាប៖ លោកជំទាវ ភរិយាមន្ត្រីព័ត៌មានជាន់ខ្ពស់ហ្វីលីពីនចាប់អារម្មណ៌ខ្លាំងទៅលើការសម្តែងរបាំ នៅការអប់រំកុមារនៅ​​សាលាបឋមសិក្សាវត្តបូរព៌ខេត្តសៀមរាបថា បានបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរ បានយ៉ាងល្អ។

ក្នុងឱកាស អញ្ជើញទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូរព៌ ខេត្តសៀមរាបនេះ លោកជំទាវAlelee Aguilar ភរិយាឯកឧត្តម Martin Andanar លេខាធិការប្រធានាធិបតី ទទួលបន្ទុកជារដ្ឋមន្រ្តីព័ត៌មាន នៃប្រទេសហ្វីលីពីន បានចាប់អារម្មណ៍ខ្លាំងទៅលើការសម្តែងរបាំ ការអប់រំកុមារ នៅក្នុងសាលានេះ ថាមានភាពល្អប្រសើរ ជាពិសេសការគោរពវិន័យ ការអប់រំចិត្ត តាមរយៈឱ្យកុមារធ្វើសម៉ាធិក នៅចុងម៉ោងសិក្សា។ជាមួយនេះដែរលោកជំទាវក៏បានកោតសសើរដល់ទេសពកោសល្យរបស់សិក្សានុសិស្សវត្តបូព៌ ដែលចេះសម្តែងរបាំ និងបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរ បានយ៉ាងល្អ។លោកជំទាវបានចាត់ទុកវប្បធម៌ ប្រពៃណីខ្មែរ ជាវប្បធម៌មួយដែលមានភាពទន់ភ្លន់។
លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្តបូរព៌ បានឱ្យដឹងថា សាលាបឋមសិក្សាវត្តបូរព៌ គឺជាសាលាមួយដែលទទួលបានចំណាត់ថ្នាក់ល្អផ្នែកវិស័យអប់រំនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ានផងដែរ។
លោកបានបន្តថា បច្ចុប្បន្ននេះសាលាវត្តបូរព៌បានធ្វើការបណ្តុះបណ្តាលធនធានមនុស្សដោយផ្តោតសំខាន់ទៅលើ៥ចំណុច រួមមាន ការអប់រំបញ្ញា ការអប់រំកាយ ការអប់រំសិល្បៈ ការអប់រំពលកម្ម និងការអប់រំសោភ័ណ្ឌ ។ហើយតាមរយៈនៃការអប់រំទាំង៥ចំណុចនេះ បានធ្វើឱ្យសិស្សនៃសាលាវត្តបូរព៌មាន វិន័យ និងចំណេះដឹងល្អ។
លោកបានបញ្ជាក់ថា តាមរយៈការមកទស្សនកិច្ចរបស់គណៈប្រតិភូ ភរិយារដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសហ្វីលីពីននៅពេលនេះ គឺជាកិត្តិយលមួយសម្រាប់សាលាវត្តបូរព៌និងបានបង្ហាញពីភាពរីកចម្រើនលើវិស័យអប់រំនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ៕