សម្ដេចចៅហ្វាវាំង គង់ សំអុល ចែកពូជស្រូវ ជូនប្រជាកសិករ នៅស្រុកបរិបូណ៌

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពងឆ្នាំង បាននាំយកស្រូវពូជសែនក្រអូបចំនួន ១០តោន ចែកជូនប្រជាកសិករ ៣៨៨គ្រួសារ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុក បរិបូណ៌ ។

ក្នុងពិធីចែកស្រូវពូជនេះសម្ដេចចៅហ្វាវាំង គង់ សំអុល បានសំណេះសំណាលសាក សួរសុខទុក្ខប្រជាកសិករទាំង ៣៨៨គ្រួសារ ដែលមកពី ៣៧ភូមិ ក្នុងឃុំអញ្ចាញរូង, ពេជចង្វារ, ចក, ពពេល, ខុនរ៉ង, ផ្សារ, និងឃុំពន្លៃ ក្នុងស្រុកបរិបូណ៌ ហើយសម្ដេចបានផ្តល់អនុសាសន៍ដល់ប្រជាកសិករអំពីបច្ចេកទេស នៃការដាំដុះដំណាំស្រូវទទួលបានទិន្នផលខ្ពស់ និងផ្តាំផ្ញើឱ្យប្រជាកសិករ រូតរះក្នុងការភ្ជួររាស់ ដកស្ទួង ឱ្យបានទាន់រដូវកាល ពីព្រោះនៅពេលនេះភ្លៀងបានចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ហើយ។ សម្ដេច ក៏បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីការផលិតស្រូវទៅតាមលក្ខណៈបច្ចេកទេស ស្ថានភាពដី និងតាមការអនុវត្តជាក់ស្ដែងរបស់ប្រជាកសិករ ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ថា ប្រទេសយើងមានសុខសន្តិភាពពេញលេញប្រកបដោយមោទនភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យយើងមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យស្របតាមគោលនយោបាយ អភិវឌ្ឍន៍ភូមិ ឃុំ និងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ សម្ដេច ចៅហ្វាវាំង គង់ សំអុល និងក្រុមការងារ បានធ្វើពិធីចែកស្រូវពូជទៅតាមទំហំផ្ទៃដីរបស់ប្រជាកសិករដែលគាត់មាន និង បានឧបត្ថមថវិកាដល់ប្រជាកសិករដែលមកទទួលស្រូវពូជនាពេលនេះក្នុងម្នក់ៗទទួលបាននូវសារុងចំនួន ១ និង ថវិកា២ម៉ឺនរៀល បន្ថែមទៀត។ សម្ដេចចៅហ្វាវាំង ក៏បានផ្ដល់នូវអំណោយជូនដល់សាលាបឋមសិក្សាយុគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ជាសម្ភារប្រើប្រាស់និងសម្ភារសិក្សារួមមាន៖ ម៉ាស៊ីនភ្លើង ១គ្រឿង ម៉ូទ័របូមទឹកនិងទុយយោ កៅស៊ូតង់ ទំហំ៤គុណ៦ម៉ែត្រចំនួន ៣០តង់ អង្ករចំនួន៣០បាវ ក្នុង១បាវៗទម្ងន់ ៥០គីឡូក្រាម ផ្ដល់ជូនសៀវភៅសរសេរសិក្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម កូល័រ១ប្រអប់ និង ថវិកា៥០០០រៀល ទូរទុក ដាក់សម្ភារសិក្សានៅបណ្ណាល័យចំនួន ៤ និងសម្ភារផ្សេងៗមួយចំនួនទៀតសម្រាប់តម្រូវការប្រើប្រាស់ជាក់ស្ដែងក្នុងសាលារៀនផងដែរ ៕

ដោយ សោម ឫទ្ធី

 

+8