តំណាងអង្គការសហប្រជាជាតិ ស្នើឲ្យមានការផ្សព្វផ្សាយតាមសហគមន៍ឲ្យបានច្រើន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

សៀមរាប៖ តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានស្នើឲ្យមានការផ្សព្វផ្សាយតាមសហគមន៍ឲ្យបានច្រើន ដើម្បីរួមចំណែកដោះស្រាយភាពលម្អៀងនៃវិសមភាពយេនឌ័រ បញ្ហាហិង្សា និងការរំលោភបំពានលើស្ត្រី ជាដើម។
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា ការផ្សព្វផ្សាយតាមសហគមន៍មិនត្រូវទុកចោលនៅក្នុងពេលវេលានៃការផ្លាស់ប្តូរឌីជីថលនោះឡើយ។
ការលើកឡើងនេះ ធ្វើឡើងឱកាសចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលបាននឹងកំពុងធ្វើនៅលើទឹកដីអង្គរដ៏បវរ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែមិថុនានេះ ដោយ ផ្តោតលើប្រធានបទ«ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» ក្រោមការចូលរួមពីគណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបប្រមាណ៦០០នាក់ មកពីប្រទេសចំនួន៤២ នៅក្នុងតំបន់ និងពិភពលោក។
លោកថ្លែងថា «នៅក្នុងការពិភាក្សាអំពីបញ្ហាដែលបណ្តាលមកពីបដិវត្តន៍ឌីជីថលចំពោះវិទ្យុ និងទូរទស្សន៍រដ្ឋ និងឯកជន សូមកុំភ្លេចអំពីការផ្សព្វផ្សាយតាមសហគមន៍»។ លោកបន្តថា អង្គការយូណេស្កូ គាំទ្រការអភិវឌ្ឍសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មព័ត៌មាន និងយុទ្ធសាស្ត្រនៅក្នុងប្រទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្លាំងឡើង។
ដូចគ្នានេះ លោក Fayyar Sheheryar ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិចសម្រាប់ការផ្សព្វផ្សាយ(AIBD) ក៏បានលើកឡើងអំពីបញ្ហាដែលការពិតក្នុងនៃព័ត៌មានកំពុងបាត់បង់និងគ្មានការចាប់អារម្មណ៍ក្នុងទីផ្សារ។ លោកមានប្រសាសន៍ថា «ដើម្បីទទួលបានទំនុកចិត្តពីប្រជាជនលើប្រព័ន្ធផ្សព្វផ្សាយ តម្រូវឲ្យផលិតនូវព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដែលមានភាពពាក់ព័ន្ធពិតប្រាកដ និងមានប្រយោជន៍សំរាប់សាធារណៈ»។ លោកបន្តថា ការផលិតនូវព័ត៌មានដែលមានឥទ្ធិពល និងព័ត៌មានពិត នឹងមិនត្រូវបានគេបោះបង់ចោលនោះទេ។
ការលើកឡើងទាំនេះ គឺស្របទៅនឹងការជំរុញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលឲ្យមានការរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ។
ថ្លែងក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលធ្វើឡើងខេត្តសៀមរាប ក៏បានផ្តល់នូវគំនិតឲ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត ដែលបង្កើតឲ្យមានអសន្តិសុខសង្គម
សូមបញ្ជាក់ថា តាមរយៈ សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលធ្វើនៅកម្ពុជាឆ្នាំ២០១៩នេះ អ្នកចូលរួមបានផ្តោតលើការពិភាក្សាអំពីបញ្ហាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ភាពជាអ្នកដឹកនាំក្នុងយុគ្គសម័យសារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការបង្កើតកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល និន្នាការនៃបច្ចេកវិទ្យា4K និងឥទ្ធិពលនៃភាពពិតកើន និងការនិម្មិតនៅក្នុងវិស័យសារព័ត៌មាន សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ក្នុងវិស័យព័ត៌មាន៕