អាជ្ញាធរខេត្តកំពង់ឆ្នាំងនាំយកអំណោយសប្បុរសធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែអ៊ិស្លាម នៅស្រុកកំពង់ត្រឡាច

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកអំណោយសប្បុរសធម៌ ជាកញ្ចប់អាហារស្រាយបួស ចែកជូនបងប្អូនពលរដ្ឋខ្មែរអ៊ិស្លាម ក្នុងខែបួសរ៉ាម៉ាឌន ចំនួន ១.៥០០គ្រួសារ នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ពិធីនេះក៏មានការចូលរួមពីគណៈកម្មការអ៊ីមាំ និងបងប្អូនយុវជនសម្ព័ន្ធមូស្លីមកម្ពុជា(CMYA) ខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានអាន់នូរី ក្នុងស្រុកកំពង់ត្រឡាច ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា អំណោយដែលយកមកចែកជូនបង ប្អូននៅពេលនេះជាកញ្ចប់អាហារសម្រាប់ខែស្រាយបួសរ៉ាម៉ាឌនជូនដល់បងប្អូនខ្មែរអ៊ិស្លាម និង សូមពរពីព្រះអល់ឡោះឱ្យក្មួយ និងក្រុមគ្រួសាររកស៊ីមានបាន អល់ឡោះផ្តល់រីហ្សាកី     ច្រើនៗទ្វេដងទៀត។

ឯកឧត្តមបានបន្តថា ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា សហគមន៍ឥស្លាម មានភាពកក់កក្ដៅ និងរីកចម្រើនជាបន្តបន្ទាប់តាមគោលនយោ បាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជាក៏មានបងប្អូនអ្នកកាន់សាសនាឥស្លាម បាននិងកំពុងរួមរស់ រួមសុខរួមទុក្ខក្រោម ដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ។ មិនតែប៉ុណ្ណោះបងប្អូនសាសនិកអ៊ិស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោ បាយល្អដើម្បីបំពេញ និងរាល់តម្រូវការចាំបាច់របស់សហគមន៍ខ្មែរអ៊ិស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយឱ្យទទួលយកការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួនតាមទំនៀមទម្លាប់ប្រពៃណី និងការអនុញ្ញាតឱ្យទទួលបានការងារក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងតាមក្រសួង មន្ទីរនានាផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំថែរក្សាសុខភាព កុំធ្វើចំណាកស្រុកខុសច្បាប់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោក និងសូមអប់រំកូនចៅឱ្យខិតខំរៀនសូត្រ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

អំណោយសប្បុរសធម៌ដែលនាំយកមកចែកជូនបងប្អូនចំនួន ១.៥០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានទឹកដោះគោ ២កំប៉ុង ស្ករស៦៤គីឡូក្រាម, ទឹកក្រូច១.៥លីត្រ, ប្រេង ឆា១លីត្រ, អូវ៉ាទីន ១ដបធំ និងថវិកាមួយចំនួន ៕

ដោយ បៃ ស៊ីថុន