សម្ដេចចៅហ្វាវាំង គង់ សំអុល ចែកអំណោយជូនប្រជាពលរដ្ឋបន្លាស់ទីនៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ​ខែមិថុនា ​ឆ្នាំ២០១៩ -ប្រជាពលរដ្ឋបន្លាស់ទី១៣៨គ្រួសារ នៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីជួយរំលែកដល់ការខ្វះខាតក្នុង​ជីវភាពគ្រួសារបានមួយចំណែក។

ពិធីចែកអំណោយដល់ប្រជាពលរដ្ឋដែលបន្លាស់ទីចំនួន ១៣៨គ្រួសារ ដែលមកពីលំនៅឋានដើមជាផ្ទះបណ្ដែតទឹក មានចំនួន៤ភូមិ គឺភូមិកោះតាមូវ, ព្រែកស្ពាន, ដំណាក់រាជ,និងភូមិស្ទឹងជ្រៅ ដែលបានធ្វើឡើងនៅសាលាឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅព្រះបរមរាជវាំង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការ សាខាកាកបាទក្រហមកម្ពុជាខេត្តជាច្រើននាក់ទៀត។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជា ពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយបញ្ហាប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ស្ត្រីមានកូនច្រើន និងគ្រួសារងាយរងគ្រោះ នេះជាការព្រួយ បារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា។ សម្ដេចចៅហ្វាវាំង បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា អនុសាខាកាកបាទក្រហមកម្ពុជាឱ្យជួយតាមដានបញ្ហាប្រជាពលរដ្ឋជួបការលំបាក និង ជួបហេតុការគ្រោះធម្មជាតិផ្សេងៗដើម្បីអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

សម្ដេចចៅហ្វាវាំងក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់នៅខណៈមានភ្លៀង ខ្យល់ ផ្គររន្ទះ គប្បីត្រូវរកទីកន្លែងជ្រកដែលមានសុវត្ថិភាពខ្ពស់ដើម្បី ធានាដល់អាយុជីវិត ​។

​នៅក្នុងឱកាសនោះសម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំយកអំណោយរបស់​សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋទាំង១៣៨គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ៤០គីឡូក្រាម, ត្រីខ១០កំប៉ុង, មី១កេស, ប្រេងឆា ១លីត្រ, ទឹកស៊ីអ៊ីវ ៣ដប, នំធុង១ធុង,ទឹកបរិសុទ្ធ១កេស, អំបិល១គីឡូក្រាម, នំប៉័ង១,ទឹកសុទ្ធ១ដប, ឃីត១កញ្ចប់រួមមាន មុង១, សារុង២, ក្រមា១, ភួយ១ និង ថវិកា៥ម៉ឺនរៀល៕

ដោយ បៃ ស៊ីថុន