វគ្គបណ្ដុះបណ្ដាលស្ដីពី ស្តង់ដារ​ទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងនីតិវិធីនៃចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២

AKP ភ្នំពេញ ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹងថា​ កាល​ពីថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រសួងទេសចរណ៍​បាន​រៀបចំ​វគ្គ បណ្តុះបណ្តាល​ស្តីពី​​ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងនីតិវិធីនៃចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ក្រោមអធិបតីភាពឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅទីស្តីការ​ក្រសួង​។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តម​ រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា​ ក្រសួងទេសចរ ណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានជំរុញហើយជំរុញទៀត ឱ្យគ្រប់ក្រុងខណ្ឌ ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ជាមួយ​គ្នានេះដែរ​ ឯកឧត្តម ជា បូរ៉ា បាន​គូបញ្ជាក់ថា​ ក្របខ័ណ្ឌថ្នាក់ជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិ   សណ្ឋារកិច្ចល្អ» ដែលជាជម្រើសយុទ្ធសាស្រ្តដ៏សមស្របបំផុតមួយ ក្នុងការចូលរួមអភិវឌ្ឍន៍ទេសចរណ៍បៃតង និងរួមចំណែកធ្វើឱ្យកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង។

ទន្ទឹមនឹង​នេះ​ ឯកឧត្តមបានជំរុញឱ្យគ្រប់ក្រុង ខណ្ឌ ទីប្រជុំជន រមណីយដ្ឋានទេស ចរណ៍ទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ដោយត្រូវប្រកាន់ខ្ជាប់នូវទស្សនទាន «ការអភិវឌ្ឍបច្ចុប្បន្ន គឺសម្រាប់យើងបច្ចុប្បន្នផង និងជំនាន់ក្រោយផង»។

សូម​បញ្ជាក់ថា​ កម្ពុជាបានចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ ម្តងហើយកាលពីដើមឆ្នាំ២០១៨ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលកាលនោះក្រុងចំនួន៣របស់កម្ពុជា រួមមាន ក្រុងបាត់ដំបង ក្រុងកែប និងទីក្រុងសៀមរាប បានទទួលជាជ័យលាភីទីក្រុងទេសចរ ណ៍ស្អាតអាស៊ាន។

សម្រាប់ការប្រឡងប្រណាំងលើកទី២នេះ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសបេក្ខភាពឆ្នើមថ្មីចំនួន៦ ដែលជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ រួមមាន៖ ក្រុងកំពត (ខេត្តកំពត) ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពង់ចាម (ខេត្តកំពង់ចាម) ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់) ក្រុងតាខ្មៅ (ខេត្តកណ្តាល) និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង) ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និងឈានឆ្ពោះទៅរកជ័យលាភី ក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ សម្រាប់ឆ្នាំ២០២០-២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផល ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសព្រុយណេដារូសាឡឹម នាដើមខែមករា ក្នុងឆ្នាំ២០២០៕ ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម​