ប្រទេសសិង្ហបុរី​សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ និង​ផ្តល់ជំនួយមនុស្សធម៌ជាច្រើនវិស័យទៀត​ដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -លោកបណ្ឌិត Prof Dr. Mohd Hasbi Abu Bakar ប្រធានសមាគមឥស្លាមសិង្ហបុរី​ បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការសាងសង់វិហារ, សាលារៀន, អណ្តូងទឹក, ជំនួយសង្រ្គោះបន្ទាន់, ផ្តល់អាហារូបករណ៍ទៅសិក្សានៅសិង្ហបុរី ជូន​ដល់កម្ពុជា។ ការសន្យាដូចនេះ​បានធ្វើឡើង​ក្នុងឱកាសដែលឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស បានអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិតប្រធានសមាគមឥស្លាមសិង្ហបុរី នៅការិយាល័យ​ ប្រទេសសិង្ហបុរី  កាលពីថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩​ ។

ឯកឧត្ដម អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកំពុងរស់នៅប្រកបដោយសុខដុមបនីយកម្ម គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែកសម្រាប់វិស័យនានាបម្រើឱ្យសាសនាឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតគូរប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានអរគុណដល់រដ្ឋាភិបាលសិង្ហបុរី ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀងរាល់ឆ្នាំដល់សិស្សនិស្សិតខ្មែរ អ៊ិស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេសសិង្ហបុរី ហើយឯកឧត្តមក៏ស្នើឱ្យបន្តកិច្ចសហការ    ផ្តល់ជំនួយមនុស្សធម៌នេះឱ្យកាន់តែច្រើនថែមទៀតផងដែរដល់កម្ពុជា ។

សូមបញ្ជាក់ថា​ សមាគមឥស្លាមសិង្ហបុរី ជាសមាគមចាស់ទុំជាងគេ បានដំណើរជាង ៨៧ឆ្នាំមកហើយ លើវិស័យមនុស្សធម៌ សិក្សាធិការ សុខុមាលភាព និងឃោសនាអប់រំ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម បណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និង កិច្ចការសាសនាឥស្លាមសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ កាលើគ្រប់វិស័យដែលបម្រើឱ្យសាសនាឥស្លាម ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេសកាន់តែបានល្អប្រសើរនូវនីតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដារហាឡាល់ផងដែរ៕

ដោយសួស សំរិត