ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ថា កិច្ចសហការរវាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាការពង្រឹងដល់វិស័យព័ត៌មានក្នុងយុគ្គសម័យឌីជីថល

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

សៀមរាប៖ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា កិច្ចសហការរវាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាការពង្រឹងដល់វិស័យព័ត៌មានក្នុងយុគ្គសម័យឌីជីថល ដើម្បីដើរឲ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មាន រវាងសារព័ត៌មានប្រពៃណីជាមួយសារព័ត៌មាន ឌីជីថល ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ។
ថ្លែងក្នុងសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៅខេត្ត សៀមរាប ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» នៅថ្ងៃទី១២ ខែមិថុនានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកជាព្រឹត្តិការណ៍នៃការផ្សព្វផ្សាយអន្តរជាតិនៅកម្ពុជានេះ ជាការផ្តល់ឱកាសដល់អ្នកផ្សាយ អ្នកអនុវត្ត ប្រព័ន្ធផ្សព្វផ្សាយ អ្នកដឹកនាំឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក បានជួបនិងពិភាក្សាអំពីរបៀបអភិវឌ្ឍន៍គុណភាពប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាបដិវត្តន៍បច្ចេកវិទ្យាជំនាន់ទី៤។
ឯកឧត្តម មានប្រសាសន៍ថា ចរន្តនៃការរកីចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប បានប្រែក្លាយឌីជីថលឆ្ពោះទៅកាន់បដិវដ្តឧស្សាហកម្មទី៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត។
បើតាមការបញ្ជាក់របស់លោក Fayyar Sheheryar ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិចសម្រាប់ការផ្សព្វផ្សាយ(AIBD) បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ AIBD បានរួមចំណែកក្នុងការកសាងសមត្ថភាពប្រតិបត្តិករប្រព័ន្ធផ្សាយ ក្នុងការយល់ដឹងអំពីភាពរីកចម្រើន និងនិន្នាការនៃបច្ចេកវិទ្យានិងការបង្កើននូវសមត្ថភាពនិងជំនាញច្នៃប្រឌិតរបស់ពួកគេ ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗបាន។
គណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលចូលរួមសន្និសីទកម្រិតអន្តរជាតិនេះ មានប្រមាណ៦០០នាក់ មកពីបណ្ដាប្រទេសចំនួន៤២ នៅក្នុងតំបន់ និងពិភពលោកមានដូចជា៖ ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សាម័រ អូស្ត្រាលី ជាដើម៕