លោកត្រាំនិយាយថាលោកបានទទួលសំបុត្រពីលោកគីម

អាមេរិក៖ កាលពីថ្ងៃអង្គារប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថាលោកបានទទួលលិខិតដ៏ល្អមួយពីលោកគីមជុងអ៊ុនមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង។លោកត្រាំបានប្រាប់អ្នកសារពត៌មានមុនពេលចាកចេញពីសេតវិមានថាគាត់បានទទួលសំបុត្រដែលមានន័យយ៉ាងល្អមួយពីលោកគីមកាលពីថ្ងៃចន្ទហើយលោកមិនផ្តល់ព័ត៌មានលម្អិតអំពីសារដែលសរសេរនៅក្នុងសំបុត្រនោះទេ។

លោកត្រាំក៏បានរំលឹកពីទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយលោកគីមនិងសក្តានុពលដ៏ធំធេងរបស់ប្រទេសកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថាលោកត្រាំនិងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ម៉ែកប៉ុមប៉េអូគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូងនៅចុងខែមិថុនាខាងមុខនេះដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.០៦.១៩)