សម្តេចតេជោហ៊ុនសែន អញ្ជើញបើកសន្និសីទ កំពូល «សារព័ត៌មានអាស៊ី» លើកទី១៦

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការ នូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។
សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោត ទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍និងបុគ្គលិកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹក នាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំនិងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។
សន្និសីទមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំ ណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៏មាន បានបញ្ជាក់ឲ្យ ដឹងថា សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទនេះ ជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និង ការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកជាព្រឹត្តិការណ៍នៃការផ្សព្វផ្សាយអន្តរជាតិដែលឈានមុខគេ ដោយផ្តល់ឱកាសដល់អ្នកផ្សាយ អ្នកអនុវត្ត ប្រព័ន្ធផ្សព្វផ្សាយ អ្នកដឹកនាំឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក បានជួបនិងពិភាក្សាអំពីរបៀបអភិវឌ្ឍន៍គុណភាពប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាបដិវត្តន៍បច្ចេកវិទ្យាជំនាន់ទី៤។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើក ឡើងផងដែរថា ការដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវសន្និសីទកំពូលលើវិស័យព័ត៌ មាននេះ គឺជាកិត្តិយស និងសេចក្តីរីករាយដ៏អស្ចារ្យមួយសម្រាប់កម្ពុជានិយាយជារួម និងសម្រាប់ក្រសួងព័ត៌មាននិយាយដោយឡែក។
សូមបញ្ជាក់ថា សន្និសីទកំពូល«សារព័ត៌មានអាស៊ី» ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៤ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយសន្និសីទកំពូលនេះ ត្រូវបានរៀបចំជាបន្តបន្ទាប់នៅក្នុងប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៨៕