Mitsubishi​​ ចង់ដឹងអំពីតម្រូវការចាំបាច់ក្នុងកិច្ចអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -នៅក្នុងជំនួបផ្លូវការមួយរវាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀម រាប ជាមួយលោក Yogo Kanda ប្រធានក្រុមហ៊ុនមីតស៊ូបីស៊ី (Mitsubishi) ប្រចាំនៅកម្ពុជាបាន ផ្តោតសំខាន់ទៅលើតម្រូវការចាំបាច់ក្នុងកិច្ចអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលតម្រូវឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការជួយអភិវឌ្ឍន៍គម្រោងនោះ ដែលជំនួបពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។

នៅក្នុងជំនួបនោះ លោក Yogo Kanda បានធ្វើការបញ្ជាក់អំពីគោលបំណង របស់ក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េសី្សន (Mitsubishi​​ Cooperation) មកកាន់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើយ៉ាងណាឱ្យបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្តសៀមរាប ទៅលើគម្រោងណាមួយដែលខេត្តត្រូវការចាំបាច់ ព្រមទាំងបានធ្វើការបង្ហាញអំពីផលិតផលរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនមានភាពល្បីល្បាញនៅលើសកលលោក ក្នុងការបម្រើនូវតម្រូវការរបស់អតិថិជន ពាក់ព័ន្ធទៅលើរថយន្ត ជណ្តើរយន្ត និងវិស័យកាត់ដេរសម្លៀកបំពាក់ ព្រមទាំងផ្នែកអភិវឌ្ឍន៍ផ្សេងៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។

លោក Yogo Kanda បានឱ្យដឹងទៀតថា ការចូលជួបសម្តែងការគួរសមនាពេលនេះ ក្នុងគោលបំណងសិក្សា ឈ្វេងយល់អំពីតម្រូវការចាំបាច់ ក៏ដូចជាកង្វះខាតណាមួយរបស់រដ្ឋបាលខេត្តសៀមរាបក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ហើយក៏ជាការបង្កើតនូវភាពស្និទ្ធស្នាលរវាងវិស័យឯកជននិង រដ្ឋទៀតផង។ ម៉្យាងទៀតក៏ដើមី្បឱ្យទីក្រុងប្រវត្តិសាស្ត្រសៀមរាប ក្លាយជាក្រុងវៃឆ្លាតប្រកបដោយសន្តិសុខ សុវត្ថិភាព តាមរយៈការរៀបចំគម្រោងដាក់ភ្លើងចរាចរណ៍ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ក្នុងក្រុងជាដើម។ រីឯវិស័យកសិកម្ម ក្រុមហ៊ុនលោកជាអ្នកផលិតគ្រឿងយន្តកសិកម្ម ព្រមទាំងការគ្រប់គ្រងកាកសំណល់(សំរាម) និងទឹកកង្វក់នៅក្នុងក្រុង រួមទាំងការគ្រប់គ្រងរថយន្តពន្លត់អគ្គិភ័យ និងគម្រោងពង្រីកក្រុងថ្មីដែលទាមទារដល់ការសិក្សាឈ្វេងយល់ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន ក៏ដូចជាក្រុមហ៊ុនដើមី្បអភិវឌ្ឍន៍ខេត្ត។

ឯកឧត្តម ទៀ សីហា បានជម្រាបដល់ក្រុមហ៊ុនអំពីតម្រូវការ និងកង្វះខាតរបស់ខេត្ត គឺមានច្រើនលើគ្រប់វិស័យ តែកត្តាសំខាន់នោះគឺធនធានមនុស្ស បច្ចេកទេស សម្ភារបរិក្ខារជាដើម ដោយឯកឧត្តមក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅភ្ញៀវទេសចរលើពិភពលោកចូលមកទស្សនាកម្សាន្ត តែចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទេសចរណ៍នៅមិនទាន់បានបំពេញនូវតម្រូវការភ្ញៀវនៅឡើយ។

ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់អំពីគម្រោងរបស់ខេត្ត ក្នុងការពង្រីករមណីយដ្ឋានទេសចរណ៍ គឺនៅរមណីយដ្ឋានធម្មជាតិភ្នំគូលែន និងបឹងទន្លេសាប រួមទាំងធ្វើការពង្រីកក្រុងរណបនៅតាមបណ្តាស្រុកមួយចំនួនទៀតផងដែរ។ ឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីការគ្រប់គ្រងកាកសំណល់(សំរាម) ដោយមានក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុង តែខេត្តខ្វះខាតនូវក្រុមហ៊ុនកែច្នៃសំរាម ដោយពុំទាន់មានក្រុមហ៊ុនណាធ្វើជាដៃគូនៅឡើយ​។ ខេត្តក៏ពុំទាន់មានរថយន្តបោសសម្អាតនៅតាមដងផ្លូវនៅឡើយដែរ ដោយប្រើប្រាស់កម្លាំងពលកម្មនៅឡើយ។ ចំពោះវិស័យកសិកម្មខេត្តក៏ទាមទារនូវតម្រូវការចាំបាច់ទាំងសម្ភារ និងការបណ្តុះបណ្តាលបច្ចេកទេស។ ការគ្រប់គ្រងគ្រឿងបំពាក់រថយន្តពន្លត់អគ្គិភ័យរបស់ខេត្ត  គឺទទួលបានពី បណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ជូន ក្នុងនោះក៏មានប្រទេសជប៉ុនផងដែរ។ ម៉្យាងទៀតដោយស្ថានភាពផ្លូវនៅក្នុងក្រុងមានសភាពតូចចង្អៀត ដែលបង្កនូវផលលំបាក ក្នុងពេលរថយន្តពន្លត់អគ្គិភ័យចេញទៅធ្វើអន្តរាគមន៍សង្រ្គោះទៀតផង។ ឯកឧត្តមក៏បានលើកនូវសំណូមពរមួយចំនួនដល់ក្រុមហ៊ុនមីតស៊ូបីស៊ី ខបភើរ៉េសី្សន ដើមី្បធ្វើជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងវៃឆ្លាត មានសោភណភាពស្រស់ស្អាតនៅក្នុងតំបន់ទាំងមូលផងដែរ៕

ដោយ ហង្ស សៀក