មន្ទីរសុខាភិបាលខេត្តព្រះវិហារ ធ្វើការផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព

AKP ព្រះវិហារ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព​ ក្រោមអធិបតីភាព ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋសរុបប្រមាណ៤០០នាក់​ ។

លោកវេជ្ជបណ្ឌិត គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩តទៅ ដោយយោងតាមការប្រកាសអន្តរក្រសួងលេខ៥២៤ សហវ.ប្រក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ។

ការកំណត់បានជាអត្តសញ្ញាណស្ត្រីក្រីក្រ មានផ្ទៃពោះ ដើម្បីទទួលបានប័ណ្ណត្រូវអនុវត្តន៍ដូចកម្មវិធីសមធម៌សម្រាប់ស្រី្តក្រីក្រ គឺអនុញ្ញាតឱ្យខាងមណ្ឌលសុខភាពវាយតម្លៃកំណត់ អត្តសញ្ញាណស្ត្រីក្រីក្រផ្តល់ប័ណ្ណអាទិភាព ។ ដោយអនុវត្តន៍តាមយន្តការឧបករណ៍ វាយតម្លៃដូចកម្មវិធីសមធម៌សម្រាប់ស្ត្រីក្រីក្រ នៅមន្ទីរពេទ្យបង្អែក ក្នុងនោះគណៈកម្មការកំណត់អត្តសញ្ញាណមានបីរូប គឺប្រធានមណ្ឌលចំនួន១រូប និងបុគ្គលិកចំនួន២រូបទៀត។ ដោយប័ណ្ណ នីមួយៗ មានសុពលភាពរយៈពេល២ឆ្នាំ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើ នឹងដំណើរការដោយកម្មវិធីគ្រប់គ្រងទិន្នន័យ តាមរយៈប្រព័ន្ធទូរស័ព្ទដៃ និងកុំព្យូទ័របន្ទាប់ពីស្ត្រី និងកូនអាយុ២ឆ្នាំ បានទទួលសេវាថែទាំសុខភាពរួចរាល់ ហើយនឹងទទួលបានសេវាសាធារណៈនោះ មន្ត្រីទទួលបន្ទុកនឹងផ្តល់កាតគណនេយ្យវីង សម្រាប់បើកសាច់ប្រាក់ដោយផ្ទាល់ នៅតាមសាខាភ្នាក់ងារវីងទូទាំងប្រទេស។ ចាប់ពីថ្ងៃទី០១ ខែមិថុនា មកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចែកកាតវីងជូនសម្រាប់ស្រី្តក្រីក្រមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាពបានចំនួន១៥២សន្លឹកកាត វីងនៅទូទាំងខេត្តព្រះវិហារ ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព គឺស្ត្រីមានផ្ទៃពោះមកទទួលសេវានៅមូលដ្ឋាន សុខាភិបាលសាធារណៈមាន៣ដំណាក់កាល ។ ដំណាក់កាលទី១ ផ្តល់ចំនួន៤០,០០០រៀលម្តង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះ ដែលផ្តល់ជាអតិបរមាចំនួនបួនដង មុនពេលសម្រាលកូន ។ ដំណាក់កាលទី២ ផ្តល់ការឧបត្ថម្ភចំនួន២០០,០០០រៀលម្តងគត់ នៅពេលសម្រាលកូន និងដំណាក់កាលទី៣ ផ្តល់ចំនួន៤០,០០០រៀលក្នុងម្តង ដែលផ្តល់ជាអតិបរមាចំនួន១០ដង ។ ក្នុងនោះបីដង នៅពេលមកទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និងប្រាំពីរដង នៅពេលយកកូនមកទទួលថ្នាំបង្ការ រហូតដល់កូនអាយុ២ឆ្នាំ ។ នៅមានប្រការជាច្រើនករណីផ្សេងទៀត ដូចជាករណីរលូតកូន ករណីកូនស្លាប់ពេលសម្រាលជាដើម គឺសូមទំនាក់ទំនងទទួលព័ត៌មាន ទៅកាន់មន្ត្រីជាគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព នៅជិតលំនៅឋាននោះ ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌នេះ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងចូលរួមចំណែកកាត់បន្ថយអាត្រាឈឺនិងស្លាប់ របស់មាតានិងទារក និងស្លាប់របស់មាតា និងទារក និងកង្វះអាហារូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល ។ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ នូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឫប័ណ្ណអាទិភាពនេះ សូមមន្ត្រីសុខាភិបាលរបស់យើង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមថ្ងៃនេះ ពេលត្រឡប់ទៅផ្ទះវិញ សូមធ្វើការជួយផ្សព្វផ្សាយបន្តជូនដល់បងប្អូន ក្រុមគ្រួសារដទៀតឱ្យគាត់បានយល់ដឹងជ្រួតជ្រាបផង ដើម្បីឱ្យពួកគាត់បានមកទទួលសេវានេះដែរ ។

ឯកឧត្តមបន្តថា ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ស្ត្រីមានផ្ទៃពោះ នៃគ្រួសារដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ត្រូវចូលរួមលើកកម្ពស់សុខមាលភាពខ្លួនឯង និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះ អាហារូបត្ថម្ភរបស់កុមារ ។

ឯកឧត្តមក៏បានបន្តដំណើរចុះសួរសុខទុក្ខបងប្អូន​ និងប្រគល់សាច់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងសម្រាលកូន ស្ថិតនៅ​នៅមន្ទីរពេទ្យបង្អែក ១៦មករា​ ក្រុងព្រះវិហារ ខេត្តព្រះវិហារផងដែរ ៕

ដោយ ទិត ស្រ៊