ប្រធានAIBD​​វាយ​តម្លៃ​​​​ខ្ពស់ចំពោះប្រធានបទស្នូលនៃកិច្ចប្រជុំកំពូល​សារព័ត៌មាន​អាស៊ីលើក​​ទី១៦ នៅទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត និងលោកវ៉ាងភក្តី

សៀមរាប៖ ប្រធានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិចសំរាប់អភិវឌ្ឍន៍​​ប្រព័ន្ធផ្សព្វ​ផ្សាយ​​ហៅ​​កាត់​ថា  (AIBD)​​មានប្រសាសន៍ថា  ប្រធានបទស្នូលនៃសន្និសីទឆ្នាំនេះគឺ ឌីជីថលរូបនី​​កម្ម​ប្រព័ន្ធ​​​​ផ្សព្វផ្សាយ​ដោយផ្តោតលើប្រទេសកំពុងអភិវឌ្ឍន៍” បានបង្ហាញពីការ​យកចិត្ត​ទុកដាក់​​លើការរីកចម្រើននៃបច្ចេកវិទ្យានៅជុំវិញខ្លួនយើងនិងកម្រិតឌីជីថលរូបនីកម្ម ទាំងការទទួល​​យក​​និង​​​​ការប្រើប្រាស់ ក៏ដូចជាផលប៉ះពាល់នៃឌី​​ជីថលរូបនីកម្ម​នៅក្នុង​ឧស្សា​​ហកម្ម​​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយនិងសង្គមជាតិទាំងមូល។

លោកបន្តថា ការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះ ដូចជាមនុស្សយន្តកម្រិតខ្ពស់ (Advanced robotics) បញ្ញាសិប្បនិម្មិត (AI) អឺនធឺរណែត (IoT), Cloud computing, វិភាគទិន្នន័យធំ (big data analytic ) និងការបោះពុម្ព3D កំពុងបង្កើតនូវភាពអស្ចារ្យនៅក្នុងកម្រិត​​ផ្សេងៗគ្នានៅ​ទូទាំង​ពិភពលោក។ពួកគេបានបង្កើតជា​ផ្នែកមួយនៃបដិវត្តន៍ឧ​ស្សាហកម្មជំនាន់​ទី៤ ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏ធេងសម្រាប់ឧស្សាហកម្ម, រដ្ឋាភិបាល, ប្រព័ន្ធផ្សព្វផ្សាយ, និងសង្គមជាតិទាំងមូល។ បច្ចេកវិទ្យាឌីជីថលនិងទិន្នន័យធំៗ(Big Data)នៅតាមប្រទេស​​និមួយៗ, ទីផ្សារនិមួយៗ, និងសង្គមនិមួយៗ កំពុងជួយសម្រួលដល់ការ​អភិវឌ្ឍសេដ្ឋកិច្ចនិង​សង្គម បង្កើនគុណភាពនៃអភិបាលកិច្ច និងបង្កើនកម្រិតនៃសេវាសាធារណៈនិងតម្លាភាព។

លោកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលកម្ពុជាជាពិសេសក្រ​សួងព័ត៌​​មានដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ AS ២០១៩ និងផ្តល់នូវជំនួយជា​​ច្រើនឥត​​គណនា​ដើម្បីធានា​ដល់ភាពជោគជ័យនៃសន្និសីទនេះ។

សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោត ទស្សន៍ ដែលផ្តល់កាលានុ​​វត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍​​និង​​បុគ្គលិក​បម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹក នាំវិស័យឧស្សា​​ហកម្ម សកលវិទ្យា​​ល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំនិងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយ​​បញ្ហា​ប្រឈម​​ក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។

សន្និសីទមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំ ណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក។

សូមបញ្ជាក់ថា សន្និសីទកំពូល«សារព័ត៌មានអាស៊ី» ត្រូវបានរៀបចំឡើងជាលើកដំបូង​​នៅឆ្នាំ​២០០៤ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយសន្និសីទកំពូលនេះ ត្រូវបាន​​រៀបចំជាបន្តបន្ទាប់នៅក្នុងប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៨៕