អន្តរក្រសួងពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើដីវិនិយោគរបស់ក្រុមហ៊ុនតូតាល់

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩​ -ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ លើការវិនិយោគដីរបស់ក្រុមហ៊ុន តូតាល់កម្ពុជា នៅទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោងការវិនិយោគដីរបស់ក្រុមហ៊ុន តូតាល់កម្ពុជានៅលើផ្ទៃដីទំហំ ៤៤.១០៥ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល  ដែលគម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ហ្គ្រីន ។

ប្រភពខាងលើបន្តថា បន្ទាប់ពីកិច្ចពិភាក្សានិងការចូលរួមត្រួតពិនិត្យ និង ផ្តល់យោបល់ពីអ្នកចូលរួម កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម ៖ ១-គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន ។ ២-ដាក់ពោងសញ្ញាជូនដំណឹង និងភ្លើងបំភ្លឺនៅពេលយប់នៅទីតាំងចំណតកប៉ាល់ និង ក្នុងករណីមានកប៉ាល់ចូលចត។ ៣-ត្រួតពិនិត្យប្រព័ន្ធពន្លត់អគ្គិភ័យ (ទាំងប្រព័ន្ធបាញ់ទឹក និង Foam) ជាប្រចាំ ដើម្បីធានាថា ប្រព័ន្ធការពារទាំងនោះនៅដំណើរការតាមបច្ចេកទេស ១០០ភាគរយ។ ៤-ត្រួតពិនិត្យប្រព័ន្ធ Detect សារធាតុប្រេង និងចំហាយប្រេង នៅតាមពោងស្តុកជាប្រចាំ ។ ៥-រៀបចំបន្ទប់សម្រាប់ស្តុកសំណល់ធុងសារធាតុបន្ថែមឱ្យបានត្រឹមត្រូវ ចៀសវាងការសាយភាយក្លិន និងលេចជ្រាបចេញក្រៅក្នុងករណីមានភ្លៀងធ្លាក់។ ៦-ត្រួតពិនិត្យប្រព័ន្ធអាងច្រោះប្រេងជាប្រចាំ និងធ្វើការវិភាគគុណភាពទឹកសំណល់រាវដែលបានច្រោះរួច ដើម្បីធានាថាសំណល់រាវដែលបង្ហូរចេញទៅគោរពតាមស្តង់ដារ។ ៧-ផ្តល់ឧបករណ៍ និងសម្ភារការពារសុវត្ថិភាពសម្រាប់បុគ្គលិក-កម្មករឱ្យបានគ្រប់គ្រាន់។ ៨-ក្រុមហ៊ុនត្រូវសហការល្អជាមួយអាជ្ញាធរ និងចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ។ ៩-ក្រុមហ៊ុនទីប្រឹក្សាត្រូវទទួលយក និងកែសម្រួលតាមមតិយោបល់មន្រ្តីជំនាញជាសមាជិកអង្គប្រជុំទាំងអស់។

ប្រភពដដែលបានបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) មន្ទីរបរិស្ថានខេត្តកណ្តាល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា ៕

ដោយ ពេជ្រ ណារិទ្ធ