ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៖ អតីតយុទ្ធជនទាំងអស់ត្រូវទទួលបានការយកចិត្ត ទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន

AKP បន្ទាយមាន័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម កែ គឺមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាន​មានប្រសាសន៍ថា អតីតយុទ្ធជន ទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តគោលនយោ បាយនានាដើម្បីលើកកម្ពស់សុខុ​មាលភាពជីវភាពរស់នៅ ការផ្ដល់សម្បទានដីសង្គមកិច្ច និង គ្រួសារអតីតយុទ្ធជន កសាងភូមិអភិវឌ្ឍន៍យោធិនពិការជាដើម។

ការលើកឡើងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន កាលពីថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក​ ព.ស២៥៦៣ត្រូវនឹងថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុង ឱកាសដែលឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអតីត​យុទ្ធជន និងប្រគល់ផ្ទះចំនួន ៨២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅមជ្ឈមណ្ឌលអតីតយុទ្ធជនកម្ពុជាខេត្ត ​លើដីសម្បទានសង្គមកិច្ចតំបន់ដីការ៉េ២ ​ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរគំរូវីរភាពដ៏មោះមុត និងគុណ បំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុ ជាតិ មាតុភូមិដ៏បវរនៃយើង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណទឹកដី កសាង សន្តិភាព ស្ថិរភាពសម្រាប់កម្ពុជាសំដៅឱ្យមានការអភិវឌ្ឍសង្គម ដើម្បីប្រយោជន៍​សម្រាប់ ប្រទេសជាតិ។

ឯកឧត្តមបានបន្តថា អតីតយុទ្ធជនបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការលើក​កម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិដោយបំផុសស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក និងចលនាប្រឡងប្រណាំងពូកែដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីត​​យុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្ត ​ឱ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

​ជាមួយនោះឯកឧត្តម កែ គឹមយ៉ាន ក៏បាន​អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន មន្ត្រីរាជ ការ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពល រដ្ឋព្រមទាំងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជនទាំងអស់ សូមជួយឧបត្ថម្ភ គាំទ្រ និងផ្សាភ្ជាប់ជាមួយអតីតយុទ្ធជន ដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិក៏ដូចជា យុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ ដើម្បីការពារបូរណ ភាពទឹកដី មាតុភូមិ​បានគង់វង្ស​នោះ។ នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន នាំយកអំណោយចែកជូន​ដល់ បងប្អូនអតីតយុទ្ធជន រួមនឹងក្រុមគ្រួសារ កងកម្លាំងប្រដាប់ អាវុធ អង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានឱ្យដឹងថា ផ្ទះ ដែលនឹងត្រូវសាងសង់នៅ តំបន់អភិវឌ្ឍន៍ការ៉េ២ ជូនអតីតយុទ្ធជននេះមានចំនួនសរុប​​ជាង ៣០០ខ្នង ហើយការចែក ដំណាក់កាលទី១​នេះ មានចំនួន ៨២ខ្នងផ្ទះ។ ដោយឡែកផ្ទះជាង ២០០ខ្នងផ្សេងទៀតកំពុង តែសាងសង់បន្ត ហើយអាចនឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា សមាជិកអតីតយុទ្ធជនដែលអត់ដី អត់ផ្ទះដែលត្រូវមករស់នៅ ក្នុងតំបន់អភិវឌ្ឍន៍ការ៉េ២នេះមានចំនួន៣០៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានដីមួយឡូត៍ ដែលមានទំហំក្បាល ៣០ម៉ែត្រ គុណ ៥០ម៉ែត្រ ផ្ទះ១ខ្នង និងដីបង្កបង្កើនផល ១ហិកតា៕

ដោយ ឈុន សារ៉ាត