ក្រសួងធនធានទឹកក្រើនរំលឹកឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ក្នុងរយៈពេល១សប្តាហ៍នេះ

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតន: ៖

 ក្រសួងធនធានទឹកក្រើនរំលឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ក្នុងរយៈពេល១សប្តាហ៍នេះ ដើម្បីធានាការពារកុំអោយរងគ្រោះថ្នាក់ ណាមួយកើតឡើងជាយថាហេតុ ។
ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងដល់សាធារណជនឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែមិថុនានេះទៅជ្រលងសម្ពាធទាបនៅតែបន្ត អូសបន្លាយមកលើប្រទេសកម្ពុជា ហើយខ្យល់មូសុងនីរតីបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ ដែលធ្វើឲ្យកម្ពុជាបន្តធ្លាក់ភ្លៀង រាយប៉ាយពេញផ្ទៃប្រទេសនិងតាមបណ្ដាលខេត្តនៅតំបន់ជាប់មាត់សមុទ្រតំបន់ទំនាបកណ្ដាលភាគខាងកើតជាប់ប្រទេសវៀតណាម និងមានភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ។
តាមសេចក្តីជូនដំណឹងបន្តថា អាកាសធាតុមានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរគឺកើតឡើងជាលំដាប់និងកន្លែងខ្លះភ្លៀងធ្លាក់បរិមាណច្រើន ។
ជាមួយគ្នានេះដែរនៅតាមបណ្ដាខេត្តភាគពាយយ័ព្យនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតចាប់ពីខ្សោយទៅបង្គួរនឹងបន្តរាយប៉ាយជាច្រើនកន្លែងហើយបណ្ដាខេត្តភាគឦសានដែលជាប់ប្រទេសវៀតណាមភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមនឹងធ្វើឲ្យមានបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់បន្តកើតមាន ខណៈលើផ្ទៃសមុទ្រចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ និងមានពពកមីរដេដាសលាយឡំនិងខ្យល់បោកបក់ខ្លាំងនិងមានរលកខ្ពស់ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរតាមតំបន់មាត់សមុទ្រ ដើម្បីធានាបានសុវត្ថិភាពក្នុងក្នុងការធ្វើដំណើរ ៕