កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញារួមគ្នាជំរុញពង្រីកទំហំពាណិជ្ជកម្មឲ្យកើនដល់ជិត៥០០លានដុល្លារ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញារួមគ្នាជំរុញពង្រីកទំហំពាណិជ្ជកម្មឲ្យកើនដល់ជិត៥០០លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២ឲ្យកាន់តែល្អប្រសើរ។


ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយឯកឧត្តម អែលឌិន ហាសានី ប៊ីន មុនហាហ្សីម (Eldeen Husaini BIN MOHD HASHIM) ឯកអគ្គរដ្ឋទូតថ្មីប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស នៅថ្ងៃទី១១ ខែមិថុនានេះ
លោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ភាគីទាំងពីរកម្ពុជា-ម៉ាឡេស៊ី មានបំណងរួមគ្នាជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ ឲ្យកាន់តែមានសកម្មភាពរស់រវើក និងខ្លាំងក្លាបន្ថែមទៀត។
លោកជំទាវបានបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការ សើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ខណៈដែលនៅក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយ ម៉ាឡេស៊ី មានចំណូលប្រហែល ៤១១លានដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មបានកើនដល់ជាង ៤៧៤ លានដុល្លារអាមេរិក ដែលជាសញ្ញាដ៏ល្អនៃការជំរុញផ្នែកសេដ្ឋកិច្ចនៃប្រទេសទាំង២។
អញ្ចឹងមានការកើនឡើង ភាគីទាំងពីរឯកភាពគ្នាថាមើលឃើញថានៅមានចន្លោះច្រើនដែលយើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្មនិង វិនិយោគនឹង ហើយក្នុងហ្នឹងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីក៏បានស្នើរសុំឲ្យ ភាគីទាំងពីរគឹជំរុញការ ចរចានៅលើកិច្ចព្រមស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា។
លោកជំទាវបន្ដថា នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានអរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានទទួលយកអង្ករកម្ពុជា ចូលទៅកាន់ទីផ្សាររបស់ខ្លួន ដែលជួយដោះស្រាយទីផ្សារស្រូវអង្ករនៅកម្ពុជា។
ឯកឧត្តម អែលឌិន ហាសានី ប៊ីន មុនហាហ្សីម ឯកអគ្គរដ្ឋទូតថ្មីប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានអៈអាងថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្ដជំរុញការលើកកម្ពស់ផ្នែកពាណិជ្ជកម្មនេះ ឲ្យកាន់តែល្អបន្ថែមទៀត តាមរយះការផ្សព្វផ្សាយបណ្ដាវិនិយោគិនរបស់ខ្លួនមកបោះទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានអៈអាងថា នៅក្នុងឆ្នាំនេះម៉ាឡេស៊ី គ្រោងនឹងបង្កើនចំនួនអាហារូបករណ៍ជាច្រើនជូនដល់និស្សិតកម្ពុជា ដើម្បីលើកកម្ពស់ធនធានមនុស្សរបស់កម្ពុជាឲ្យកានតែសម្បូរបែប។