ឯកឧត្តមកែកឹមយាននិងលោកជំទាវជួយកសាងផ្ទះសម្បែង និងហេដ្ឋាចរនាសម្ព័ន្ធនានាជូនដល់បងប្អូនអតីតយុទ្ធជននៅខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុង ហួត ៖

ឯកឧត្តមកែកឹមយាននិងលោកជំទាវជួយកសាងផ្ទះសម្បែង និងហេដ្ឋាចរនាសម្ព័ន្ធនានាជូនដល់បងប្អូនអតីតយុទ្ធជននៅខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួគាត់។


ក្នុងឱកាសប្រារព្ធខួបលើកទី១២នៃទិវាអតីតយុទ្ធជនកម្ពុជាឆ្នាំ២០១៩នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកអំណោយជាច្រើនជូនដល់អតីតយុទ្ធកម្ពុជា ដែលកំពុងរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ការ៉េ២ ស្ថិតនៅខេត្តបន្ទាយមានជ័យ។


នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីនិងលោកជំទាវបានផ្តល់អំណោយ មនុស្សធម៌ជូនគ្រួសារអតីតយុទ្ធជនចូលមករស់នៅក្នុងដីសម្បទានសង្គមកិច្ចការ៉េ២ ចំនួន៨០ខ្នង ដោយក្នុង១គ្រួសារៗទទួលបាន គ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាចំនួន១០ម៉ឺនរៀល។ ជួយកសាងផ្ទះជូនបងប្អូនយុទ្ធជនចំនួន៣០៩ខ្នង ជួយកសាងផ្លូវចូលក្នុងតំបន់ដីការ៉េ២ប្រវែងជាង ១០គីឡូ ម៉ែត្រ ជួយកសាងសាលារៀន១ខ្នង មាន៦បន្ទប់ ជួយកសាងប៉ុស្តិ៍សុខភាព ១ខ្នង ៦បន្ទប់ ជួយរៀបចំប្រព័ន្ធទឹកស្អាត និងអគ្គិសនី ជួយកសាងអណ្ដូង ទឹកចំនួន២០កន្លែងផងដែរ។


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ទំាងនេះ គឺដើម្បីជួយសម្រាលការលំបាករបស់បងប្អូនអតីតយុទ្ធ ក្នុងជីវភាពប្រចាំថ្ងៃដែលកំពុងមានការខ្វះខាត។
ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន លើកឡើងពីគុណបំណាច់ និងវិរ:ភាព របស់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានធ្វើពលិកម្មយ៉ាងធំធេងទាំងកំលាំងកាយ កម្លំាងចិត្តក្នុងបុព្វហេតុរំដោះជាតិទប់ស្កាត់ការវិលត្រឡប់មកវិញនៅរបបប្រល័យពូជសាសន៍ ការពារបាននូវបូរណភាពទឹកដី ឯករាជ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបានអៈអាងថា ការលះបង់របស់បងប្អូនអតីតយុទ្ធជននេះគឺជាមូលដ្ឋានគ្រឹះនៃការចូលរួមស្តារ និងអភិវឌ្ឍប្រទេស ជាតិឲ្យការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបា្ររព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២១ ខែមិថុនា ហើយ ក្រៅពីការរំលឹកដល់វីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជនទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែម ទៀតអំពីអតីតយុទ្ធជនដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គមនិងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជនកងកម្លាំងប្រដាប់អាវុធជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំនិងមានសេចក្តីថ្លៃថ្នូរ៕