រដ្ឋមន្ត្រីចំនួន៥ ប្រទេស នឹងអញ្ជើញមកចូលក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី នៅក្នុងពិធី​បើកនាថ្ងៃស្អែកនេះ

AKP សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងព័ត៌មានមកពី៥ប្រទេស នឹងអញ្ជើញមកចូលរួមក្នុងសន្និសីទកំពូលសារព័ត៌មាន អាស៊ី២០១៩ ក្នុងពិធីបើកនៅថ្ងៃទី១២ ខែមិថុនា នាថ្ងៃស្អែកនេះ ក្រោមអធិបតីភាពសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោង តាមការបញ្ជាក់របស់ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា​ប្រធានលេខាធិការដ្ឋាន រៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌ មាន​កម្ពុជាAKPឱ្យដឹង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខា ក្នុងខេត្ដសៀមរាប។ ឯកឧត្តម ហាស់ សំអាត បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីទាំង៥ប្រទេសនោះ រួមមានដូចជា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសហ្វ៊ីលីពីន រដ្ឋមន្ត្រី​ក្រសួងព័ត៌មានសហភាពមីយ៉ាន់ម៉ា រដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីប្រទេសបង់ក្លាដេស និង​អនុរដ្ឋមន្ត្រីប្រទេសសាម័រ។ ឯកឧត្ដមបានបន្ដថា ក្រៅពីនោះ មានអង្គការ ស្ថាប័នផ្នែក​ព័ត៌មាន មកពី៤២ប្រទេស និងអ្នកចូលរួមជាភ្ញៀវអន្តរជាតិចំនួន២៤៥នាក់។

ចំណែក​អ្នកចូលរួមមកពី​ក្រសួងស្ថាប័នរដ្ឋ អង្គការ និងអង្គភាពផ្សព្វផ្សាយឯកជន នៅក្នុងប្រទេស កម្ពុជាសរុប​ប្រមាណជាង​៦០០នាក់។ ឯកឧត្តមអនុរដ្ឋលេខាធិការសង្ឃឹមថា ក្នុងនាមកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះនៃសន្និសីទនេះ នឹងទទួលបានផលប្រយោជន៍ច្រើនផ្នែកចំណេះដឹង ស្តីពីការវិវឌ្ឍ​នៃ​ប្រព័ន្ធផ្សព្វផ្សាយ តាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះ សន្និសីទនេះ ក៏នឹងក៏ត្រៀមពិភាក្សាខ្លឹមសារស្តីពីគំនិតផ្តួចផ្តើមអង្គរ​ស្តីការប្រយុទ្ធប្រឆាំងព័ត៌​មានក្លែងក្លាយ (Angkor Initiative On Combating Fake News)ផងដែរ ខណៈខ្លឹមសារនេះ​ត្រូវបានអង្គការយូណេស្កូបានពិភាក្សារួចរាល់ហើយ ហើយក៏នឹងត្រៀមដាក់ ជូនភាគីកម្ពុជា​ក្នុង​​សន្និសីទកំពូលសារព័ត៌មានអាស៊ីនេះផងដែរ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា