សម្តេចក្រឡាហោម ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍នៅតែមិនទាន់ថយចុះនោះទេក្នុង​មួយរយៈពេលនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​និងប្រធាន​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអះអាងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍​មួយថ្ងៃៗ​មិនទាន់ថយចុះនោះទេក្នុងមួយរយៈពេលនេះ។

ថ្លែងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២​នាព្រឹកថ្ងៃទី១១​ខែមិថុនា​ ឆ្នាំ​២០១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍​ថា “តាមខ្ញុំតាមដានជាប្រចាំរៀងរាល់ថ្ងៃនោះ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មិនមែន​ថយចុះ​នោះទេ ហើយនេះជាសញ្ញាមួយបង្ហាញថាការគោរព ច្បាប់ក្នុងពេលធ្វើដំណើរហាក់បី​ដូចជា​មានការ​ធ្លាក់ចុះ”។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការពិតហើយយើងក៏ត្រូវមានមើល​ឃើញកក្តា​ផ្សេងទៀតដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍ ដូចជាកំណើនយានយន្តកើន រហូត៣០​ភាគរយ នៅឆ្នាំ២០១៨ ហើយចាប់ពីដើមឆ្នាំ២០១៩មក ចំនួននេះវា កើនឡើងច្រើន​ជាងនេះ​ទៀត ដោយមិនទាន់គិតពីម៉តូ​និងទោចក្រយាន្តផង។

សម្តេចក្រឡាហោមក៏បាន​លើក​ឡើងថា ចំពោះការកើនឡើងយាន្តយន្ត ដែលធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាកក្តា​មួយដែលគួរ​ចាប់អារម្មណ៍ ដែលត្រូវរកដំណោះស្រាយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់​ចរា​ចរណ៍ ឱ្យបានជា​អតិបរមា​ផងដែរ។ សម្តេចក្រឡាហោមបានបន្ដថា ប្រារព្ធទិវាគ្រោះ​ថ្នាក់​ចរាចរណ៍លើកទី១២ ថ្ងៃនេះគឺជាការផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលជូនចំពោះអ្នកប្រើ​ប្រាស់​ទាំងត្រូវយកអស់​ស្មារតី​ក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបង្កើនការប្រុង​ប្រយ័ត្ន​គ្រប់ការធ្វើដំណើរ​តាមដងផ្លូវ និងមានសីលធម៌យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅ​មក ដែលប្រការទាំងនេះ នៅគឺ​ជា​ឱសថដ៏ស័ក្តិសិទ្ធិក្នុងការបំបាត់គ្រោះថ្នាក់ចរាចរណ៍ និងទទួល​សេចក្តីសុខជានិច្ច​និរន្តន៍។ ជាមួយគ្នានេះ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​បាន​កំពុងតែខិតខំទប់​ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការដាក់ចេញផែន​ការសកម្ម​ភាពដល់គ្រប់យន្ត​ការ​ចំណុះទាំងអស់ និងខិតខំអនុវត្តន៍ចាប់ពីពេលនេះតទៅ។

សម្តេចក្រឡាហោមក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមអនុវត្តន៍តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ដែលលើកឡើងថា”ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយ​គោរពតាមខ្លឹមសារ គឺមិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបើកបរស្ថិតនៅ​ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់៕

ដោយ ប៊ុន រិទ្ធ