គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣២ នៅខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ — គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិ សាស្ត្រអង្គរ (អាយស៊ីស៊ី-អង្គរ) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីតាមដានរាល់ អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹក ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និងលោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរ ជាតិអប្សរា។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេសជា សមាជិកគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងទូរគមនាគមន៍និងប្រៃសណីយ៍ សាលាខេត្តសៀមរាប មន្រ្តីរាជការ ព្រមទាំងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាសរុប ប្រមាណ៣០០នាក់។

ប្រធានបទសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖ តាមដានការអនុវត្តអនុសាសន៍ដែលអ្នកជំនាញការចំពោះកិច្ច(AdHoc)នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានដាក់ជូនអង្គប្រជុំនាពេលមុនៗ របាយការណ៍បច្ចេកទេសថ្មីៗអំពី លទ្ធផលនៃកិច្ចការអភិរក្ស ស្រាវជ្រាវ និងបុរាណវិទ្យា ព្រមទាំងការអភិវឌ្ឍប្រកប ដោយចីរភាពនៅរមណីយដ្ឋានអង្គរ៕

ដោយ ឃុត សៅ