កម្ពុជានឹងធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍លើវិស័យព័ត៌មានជូនដល់​បណ្ដា​ប្រទេស​ដែលបានចូលរួមក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩

AKP សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំសន្និសីទ កំពូល សារព័ត៌មានអាស៊ី២០១៩ បានលើកឡើងថា កម្ពុជានឹងធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍​លើវិស័យព័ត៌មានជូនដល់បណ្ដាប្រទេស ដែលបានចូលរួមក្នុងសន្និសីទ កំពូលសារព័ត៌មានអាស៊ី២០១៩ ខណៈប្រទេសមួយចំនួនបានបង្ហាញ ពីបច្ចេកវិទ្យា និងជំនាញលើវិស័យនេះ។ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ២០១៩ នៅសណ្ឋារសុខា ខេត្ដសៀមរាប ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន និងជាអនុគណៈកម្មការផ្សព្វផ្សាយនៃសន្និសីទកំពូលសារព័ត៌មានអាស៊ី​២០១៩ បានគូសបញ្ជាក់ថា សន្និសីទនេះ គឺទទួលបាននូវអត្ថប្រយោជន៍ច្រើនដល់កម្ពុជា និងបានស្វាគមន៍​មន្រ្ដីជាន់ខ្ពស់លើវិស័យផ្សព្វផ្សាយព័ត៌មាន​នៃ​បណ្ដាប្រទេស អាស៊ី​ប៉ាស៊ីហ្វិក ដែលមកពីជាង៤០ប្រទេស និងផ្ដល់នូវជំនឿទុកចិត្ដ និងការ​ជាក់របស់អន្ដរ​ជាតិ​អំពីការ​រីកចម្រើន និងការទទួលបានសុខសន្ដិភាពរបស់កម្ពុជា និងសុខ​ដុមនីយកម្ម​របស់​ប្រជាជន​កម្ពុជា។

ឯកឧត្ដមបានបញ្ជាក់ថា សន្និសីទនេះគឺផ្ដោតសំខាន់ទៅ​លើ​ទស្សនទានថ្មីនៅក្នុង​យុគ្គសម័យឌីជីថល និងបដិវឌ្ឍន៍នៃបច្ចេកវិទ្យាយុគ្គសម័យ៤.០ ដើម្បីធ្វើយ៉ាងណាឱ្យការ​ផ្សព្វផ្សាយបែបប្រពៃណី និងបែបទំនើបនេះ គឺអាចដំណើរការទៅបាន និងបម្រើ​សា​ធារ​ណជន​ដោយតាមបំណងប្រាថ្នា។ ជាមួយគ្នានេះ សន្និសីទនេះ គឺជាលើកទី១ ដែល​កម្ពុជា​បាន​រៀបចំធ្វើជាម្ចាស់ផ្ទះ ហើយព្រឹត្ដិការណ៍នេះ អាចមាន១០០ឆ្នាំ​ក្រោយទៀត ទើប​កម្ពុជារៀប​ចំធ្វើជាម្ចាស់ផ្ទះម្ដងទៀត។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ការរៀបចំសន្និសីទនេះ ក្រៅពីការចែករំលែក​ចំណេះ​ដឹង និងបទពិសោធន៍របស់អ្នកជំនាញអន្ដរជាតិដែលបានធ្វើបទបង្ហាញក្នុងអង្គ​សន្និសីទនេះ កម្ពុជាក៏អាចធ្វើការចែករំលែក ចំណេះដឹង និងបទពិសោធន៍លើវិស័យ​សារព័ត៌​មាន​ទៅកាន់បណ្ដាប្រទេសជាសមាជិកវិញផងដែរក្នុងការផ្ដាស់ប្ដូរ និងរៀនសូត្រអំពីទស្សន​ទានថ្មីៗក្នុងការអភិវឌ្ឍលើវិស័យព័ត៌មាននេះ។

ឯកឧត្ដមបានបន្ថែមថា “ប្រសិនបើយើងមិនយល់អំពីបច្ចេកវិទ្យាឌីជីថល និងបដិវឌ្ឍន៍ ឧស្សហកម្ម៤.០ ទេ នោះក៏យើងមិនបានពង្រីក​សមត្ថភាពលើវិស័យសារព័ត៌មានរបស់ ជាតិយើងបានទេ”៕

ដោយ អ៊ុន រិទ្ធី (រូបថត៖ សួស សាវី)