សិក្ខាសាលាចំនួន៥ ចាប់ផ្តើមដំណាលគ្នាក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ីនៅថ្ងៃដំបូង

AKP សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ — នៅថ្ងៃដំបូងនៃសន្និសីទកំពូលសារព័ត៌មានអាស៊ីនៅថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន ដែល មានសិក្ខាសាលាចំនួនចំនួន៥ផ្សេងគ្នា បានដំណើរការក្នុងពេលតែមួយចាប់ផ្ដើមពី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈ កម្មការផ្សព្វផ្សាយនៃសន្និសីទកំពូលសារព័ត៌មានអាស៊ី(AMS)បានប្រាប់អ្នកសារព័ត៌មានថា សិក្ខាសាលាទាំង៥នោះ រួមមាន៖ ១.តើតូនាទីនៅក្នុងការផ្សព្វផ្សាយព័ត៌មានបែបប្រពៃណី មានដូចជា វិទ្យុ ទូរទស្សន៍ កាសែត នឹងរៀបចំខ្លួនដូចម្តេចឱ្យស្របខ្លួន ទៅនឹងយុគសម័យ ថ្មីគឺយុគសម័យឌីជីថល។ ២.ការទប់ស្កាត់ព័ត៌មានក្លែងក្លាយដោយយ៉ាងដូចម្តេច។ ៣.និន្នាការ នៃការឈានឆ្ពោះទៅបច្ចេកវិទ្យា4K សម្រាប់លើវិស័យផ្សព្វផ្សាយព័ត៌មាន និង ៥.តួនាទីនៅក្នុងការផ្សព្វផ្សាយលើបច្ចេកវិទ្យាបដិវត្តន៍៤.០ តើត្រូវដំណើរការយ៉ាងណា។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា សិក្ខាទាំង៥នេះនឹងប្រមូលផ្តុំគំនិតគ្នា ធ្វើយ៉ាងណាដើម្បីរកឱ្យរបកគំហើញថ្មីឱ្យឆ្លើយតបទៅតម្រូវការរបស់អ្នកមើលអ្នកអាន អ្នកស្តាប់ដើម្បីបំពេញតួនាទីដោយរបៀបណា ខណៈបណ្តាញព័ត៌មានសង្គមកំពុងតែរីក សាយភាយ និងកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងចំណោមសារព័ត៌មានប្រពៃណី។ ក្រៅពីនោះអង្គសិក្ខាសាលានឹងទទួលយកនូវទស្សនៈ និងគំនិតដើម្បីធ្វើយ៉ាងណាឱ្យរបក គំហើញថ្មី និន្នាការថ្មី ធ្វើឱ្យសារព័ត៌មានបែបប្រពៃណី និងសារព័ត៌មានទំនើបអាចដើរ ជាមួយគ្នាដើម្បីបំពេញតម្រូវការទូរទស្សនិកជន ប្រិយមិត្ត អ្នកស្តាប់ និងអ្នកអាន។

មួយគ្នានេះ សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ អមជាមួយកិច្ច ប្រជុំ ពាក់ព័ន្ធនេះ នឹងប្រព្រឹត្តទៅរយៈពេល០៤ថ្ងៃ និងមានវត្តមានចូលរួមពីប្រតិបត្តិករ សោតទស្សន៍ តំណាងបណ្តាប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នករៀបចំគោលនយោបាយ ដែលអញ្ជើញមកពីប្រទេសនានា នៅលើពិភពលោក សរុបប្រមាណជាង ៤០ប្រទេស ដើម្បីជួបជុំពិភាក្សាអំពីការ អភិវឌ្ឍបច្ចេកវិទ្យាលើវិស័យព័ត៌មាន។

ទន្ទឹមនេះ មុន ឈានដល់សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ចាប់ពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៩ ក៏មានកម្មវិធីជជែកពិភាក្សាពីការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ផងដែរ ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបប្រកបដោយជំនាញ និងបទពិសោធន៍៕

ដោយ គង់ សិរីរ័ត្ន (រូបថត៖ សួស សាវី)