លោក មូន សង្ឃឹមថា កិច្ចចរចាជាមួយកូរ៉េខាងជើងនឹងចាប់ផ្តើមឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩​ — ការចាប់ផ្តើមកិច្ចប្រជុំកំពូលការទូតកម្រិតខ្ពស់មួយ ស្តីពីដំណើរការសន្តិភាពក្នុងតំបន់ដែល​ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន (Moon Jae-in) បានសម្តែងសុទិដ្ឋិនិយម​កាលពីថ្ងៃចន្ទថា កិច្ចចរចាជាផ្លូវការជាមួយកូរ៉េខាងជើងនឹងបន្តឡើងវិញក្នុងពេលឆាប់ៗនេះ។

លោក មូន បានសង្កត់ធ្ងន់ថា សន្ទុះកិច្ចចរចានៅតែមានជីវិតនៅឡើយ បើទោះបីមាន​ការព្រួយ​បារម្ភអំពីភាពជាប់គាំងជាក់ស្តែង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ​បន្ទាប់ពីកិច្ចប្រជុំកំពូល​នៅទីក្រុងហាណូយ រវាង     អាមេរិក និងកូរ៉េខាងជើងបានបរាជ័យកាលពីចុងខែកុម្ភៈ កន្លងទៅ​នោះក៏ដោយ។

លោក មូន បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគី​ហ្វាំងឡង់​លោក Sauli Niinisto បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល៨០នាទីរបស់ពួកគេថា «ខ្ញុំជឿថា ​យើង​នឹង​អាចបន្តការសន្ទនាបែបនេះ រវាងកូរ៉េទាំងពីរ និងរវាងអាមេរិក និងកូរ៉េខាងជើងនាពេល​អនាគត »។

លោក មូន បានចង្អុលបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន និង​ប្រធានា​ធិបតី-អាមេរិកលោក ដូណាល់ ត្រាំ​ កំពុងបន្តបង្ហាញពីជំនឿទុកចិត្តគ្នាទៅវិញទៅមក​របស់ខ្លួន និងអះអាងឡើងវិញពីការសន្យារបស់ខ្លួនក្នុងការនិយាយជាមួយគ្នា។

លោកបានបន្ថែមថា ការសន្ទនាកំពុងដំណើរការសម្រាប់ការបន្តកិច្ចសន្ទនា រវាងកូរ៉េ​ខាង​​ត្បូងទាំងពីរ ព្រមទាំងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )