អាសនៈជាសមាជិកមិនអចិន្ត្រៃយ៍នៃ UNSC នាំមកនូវ ឱកាសកិច្ចសហប្រតិបត្តិការសម្រាប់វៀតណាម

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩​ — យោងតាមឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ដែលជាអ្នកតំណាងអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០១៤-២០១៨ បានឱ្យដឹងថាអាសនៈជាសមាជិកមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. (UNSC) នឹងបើកឱកាសជាច្រើនសម្រាប់ វៀតណាមក្នុងការបង្កើនកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀត ជាពិសេស បណ្តាប្រទេសដែលជាមហាអំណាចក្នុងពិភពលោក និងសមាជិករបស់ UNSC ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីវៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. សម្រាប់ឆ្នាំ ២០២០-២០២១ ដោយមានសំឡេងគាំទ្រ ១៩២-១៩៣ កាលពីថ្ងៃទី៧ ខែមិថុនា ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា ក្នុងនាមជាសមាជិក UNSC វៀតណាមនឹងមានឱកាសចូលរួមក្នុងដំណើរការកសាងគោលនយោបាយធ្វើការសម្រេចចិត្ត និងកំណត់នូវច្បាប់តាម     រយៈការលើកកម្ពស់គោលជំហរ និងផលប្រយោជន៍របស់ប្រទេស។

លោកស្រីបានកត់សម្គាល់ថា UNSC ដូចជាយន្តការពហុភាគីផ្សេងៗទៀតដែលទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជន ដូច្នេះការធ្វើជាសមាជិកនៃវេទិកាបែបនេះអាចបង្ហាញពីទស្សនៈរបស់ខ្លួនចំពោះការគាំទ្រដល់ពហុភាគីនិយម និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរក្សាសន្តិភាព និងសន្តិសុខ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជម្លោះ និងភាពខុសគ្នា នៅលើមូលដ្ឋាននៃច្បាប់អន្ដរជាតិ។

លោកស្រីបាននិយាយថា ដូច្នេះប្រទេសវៀតណាមអាចលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងរួមចំណែកបន្ថែមទៀតដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងតំបន់ និងក្នុងសកលលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)