លោកពូទីននឹងធ្វើទស្សនកិច្ចនៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតក្នុងខែតុលា

រុស្ស៊ី៖ លោក ខាលីត អាល់ហ្វាលីស រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃចន្ទនេះថាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីននឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតក្នុងខែតុលាខាងមុខនេះ។

តាមទីភ្នាក់ងារសារព័ត៌មាន អិនធឺហ្វេក បានរាយការណ៍ថាលោក អាល់ហ្វាលីស ដែលស្ថិតនៅទីក្រុងមូស្គូដើម្បីជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីបាននិយាយថាក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតកំពុងពិចារណាចូលរួមនៅក្នុងគម្រោងរោងចក្រផលិតមេតាណុលមួយនៅភាគខាងកើតប្រទេសរុស្ស៊ី។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានធ្វើឡើងចំពេលមានការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនិងការពិភាក្សារវាងប្រទេសជាសមាជិកផលិតនិងនំាប្រេងចេញហៅកាត់ថា OPEC អំពីការផ្គត់ផ្គង់ប្រេង។ លោកពូទីនបាននិយាយកាលពីសប្តាហ៍មុនថាប្រទេសរុស្ស៊ីនិងប្រទេសជាសមាជិក OPEC មិនបានឯកភាពគ្នាលើតម្លៃប្រេងសមស្របណាមួយទេប៉ុន្តែពួកគេនឹងធ្វើការសម្រេចចិត្តរួមគ្នាម្តងទៀតនៅក្នុងកិច្ចប្រជុំគោលនយោបាយ។

អត្ថបទ ឆាយ វីកាល

ប្រភព អិនធឺហ្វេក (១១.០៦.១៩)