កូរ៉េខាងត្បូង​ និងចក្រភពអង់គ្លេសព្រមព្រៀងគ្នាលើ FTA បន្ទាប់ពី Brexit គ្មានកិច្ចព្រមព្រៀង

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ — កូរ៉េខាងត្បូង និងអង់គ្លេសបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទ ដើម្បីរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួន បន្ទាប់ពី Brexit  « គ្មានកិច្ចព្រមព្រៀង »។

ការផ្លាស់ប្តូរនេះ បានធ្វើឡើងចំពេលមានការព្រួយបារម្ភថា ក្រុមហ៊ុនកូរ៉េខាងត្បូងមិន​អាច​រីករាយជាមួយនឹងអត្ថប្រយោជន៍ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-កូរ៉េខាង​ត្បូង(South-EU FTA)នោះ បើសិនជាចក្រភពអង់គ្លេសបានចាកចេញពីប្លុក​សេដ្ឋកិច្ច​ដ៏ធំ​បំផុតតែមួយគត់របស់ពិភពលោក ដោយ Brexit បញ្ចប់ដោយគ្មានលក្ខខណ្ឌ។

ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសអង់គ្លេសបានកំណត់​ថ្ងៃទី៣១ ខែតុលាជាថ្ងៃផុតកំណត់ Brexit ថ្មី ដើម្បីអនុញ្ញាតឱ្យប្រទេសនេះស្វែងរក​ដំណោះ​ស្រាយដ៏ល្អបំផុតដែលមានន័យថា កិច្ចព្រមព្រៀងថ្មីត្រូវបានផ្តល់សច្ចាប័នដោយកាលបរិច្ឆេទ​ដែលត្រូវបានអនុវត្តន៍ភ្លាមៗនៅក្នុងខែ វិច្ឆិកា។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Yoo Myung-hee និងសមភាគីអង់គ្លេសរបស់លោក Liam Fox នៅទីក្រុងសេអ៊ូល។

លោក Yoo បានថ្លែងថា កិច្ចព្រមព្រៀងនេះ​មានសារៈសំខាន់ដោយសារតែវា​បន្ធូរ​បន្ថយ​​ភាពមិនច្បាស់លាស់ដែលបង្កឡើងដោយ Brexit ក្នុងគ្រាមានបរិយាកាសដ៏លំបាក​សម្រាប់ការនាំចេញនៅលើជួរពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។

លោក Yoo បានបន្ថែមថា យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយដល់​ពាណិជ្ជករ​កូរ៉េខាង​ត្បូង ក្នុងការ​រក្សាប្រតិបត្តិការរបស់ខ្លួនជាមួយចក្រភពអង់គ្លេសដោយ​គ្មានបញ្ហា។

ប្រទេសអង់គ្លេសដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី២ របស់ទីក្រុងសេអ៊ូល ក្នុង​ចំណោម​សមាជិកសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មធំទី១៨ សម្រាប់សេដ្ឋកិច្ចធំបំផុត​ទីបួន​របស់អាស៊ីដែលមានចំនួនតិចជាង២ ភាគរយនៃពាណិជ្ជកម្មសរុបរបស់ខ្លួន។

ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងទៅចក្រភពអង់គ្លេសមានចំនួន៦,៣៦ ពាន់លាន​ដុល្លារ​ក្នុងឆ្នាំ២០១៨។ សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះ ភាគច្រើននាំចេញរថយន្ត​និងនាវាទៅចក្រភពអង់គ្លេស ខណៈដែលខ្លួននាំចូលប្រេងឆៅ និងរថយន្ត។

តាមក្រសួងបានឱ្យដឹងថា ប្រទេសទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនមានដូចជា ថាមពល និងបច្ចេកវិទ្យាសិប្បនិម្មិត៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )