សម្ដេចតេជោបញ្ជាក់ថា ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថានភាពកង្វះអគ្គិសនីទៀតទេ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០១៩ — ដោយបង្ហាញពីវិធានការជាច្រើនជុំវិញបញ្ហាប្រភពអគ្គិសនីរួមមាន រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ហ្គាស ការវិនិយោគលើម៉ាស៊ីនភ្លើងដោយប្រើប្រេងខ្មៅ រោងចក្រអគ្គិស​នីដើរ​ដោ​យពន្លឺព្រះអាទិត្យនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន បានថ្លែងបញ្ជាក់ថា ឆ្នាំក្រោយមិនមានរឿងច្រំដែល កើតឡើងអំពីស្ថានភាព​កង្វះអគ្គិស​នី​ប្រើ​ប្រាស់ទៀតនោះទេ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣១៦១នា​ក់​​ នាព្រឹកថ្ងៃចន្ទ ខែ​ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​សន្និ​បាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូ​វ​នេះ​រដូ​វប្រាំងបានបញ្ចប់ រដូវវស្សាបានចូលមកដល់ប្រមាណ២សប្តាហ៍ហើយ កម្ពុជាបានរួច​ផុ​ត​ កង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ ដែលមុននេះមានការកង្វល់ខ្លាំងណាស់ ប៉ុន្តែត្រូវ​បាន​ដោះ​ស្រា​យបញ្ហា ដោយទីកន្លែងខ្លះខ្វះទឹក មានមន្ត្រីរាជរដ្ឋាភិបាល សប្បុរសជន និងអង្គការក្រៅ​រដ្ឋា​ភិ​បាល បានជួយយកទឹកទៅផ្តល់ឱ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ដូច្នេះបញ្ហាការ​ខ្វះ​ខាតទឹកត្រូវបានបញ្ចប់ ក្នុងពេលរដូវវស្សាចូលមកដល់។

សម្ដេចតេជោនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ ចាត់ទុកការខ្វះខាត់អគ្គិសនីក្នុងឆ្នាំនេះ ក្លាយជា បទពិសោធន៍ និងផ្តល់ជាមេរៀន​យ៉ាង​ច្រើន​សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែឆ្លងកាត់មេ រៀនទាំងនេះ សម្តេចបញ្ជាក់ថា នឹងគ្មាន​ប​ញ្ហា​​ច្រំ​ដែល​នេះកើ​ត​ឡើងទៀតឡើយនៅឆ្នាំ ក្រោយ។ សម្ដេចតេជោ ថ្លែងថា បទពិសោធន៍​ឆ្នាំ​នេះ ផ្ដល់មេរៀនឱ្យយើង ដូច្នេះហើយបាន ជាការរៀបចំសម្រាប់ឆ្នាំក្រោយ គឺបានរៀប​ចំរោង​ចក្រ​អគ្គិសនីដើរដោយធ្យូងថ្មមាន អានុភាពចំនួន៣៧០មេហ្គាវ៉ាត់ បានដំណើរការរួចរាល់​ហើ​​​យៗ​នៅ​សល់រោង​ចក្រមួយទៀត មានអានុភាពចំនួន១៣៥មេហ្គាវ៉ាត់ ដែលកំពុងខិត​ខំដា​ក់​ឱ្យ​ដំណើរការក្នុងថ្ងៃនេះ។

ប៉ុន្តែសូមបញ្ជាក់ថា ទីក្រុងភ្នំពេញយើងត្រូវត្រៀមអគ្គិសនីចំនួន៤០០​​មេហ្គា​វ៉ាត់ ដែលឥឡូវបានអនុម័តថវិការួចហើយ ដើម្បីចាប់ផ្ដើម​បញ្ជា​ទិញម៉ាស៊ីន ​ដោយ​ធ្វើយ៉ាងណា រៀបចំឱ្យហើយនៅខែតុលាខាងមុខ ដែលក្នុងនោះ ២០០មេហ្គាវ៉ាត់​ ទិញ​ពី​ប្រទេសហ្វាំងឡង់ និង២០០មេហ្គាវ៉ាត់ ទិញពីប្រទេសអាល្លឺម៉ង់ ដោយយក​មកដំឡើងត្រៀម​ទុ​ក នូវពេលដែលវារីអគ្គិសនីបញ្ចេញភ្លើងមិនគ្រប់។ ដូច្នេះឆ្នាំក្រោយទីក្រុង​ភ្នំពេញគ្មានហេតុ​ផ​ល​ ដែលនិយាយថាខ្វះអគ្គិសនី ហើយត្រូវការទិញទៀតទេ។

សម្តេចតេជោបានឱ្យដឹងដែរថា ក្នុង​ដំ​ណើរ​ទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីសប្តាហ៍មុននេះ សម្តេចបានពិភាក្សា​ជាមួយ នា​យ​ករដ្ឋមន្ត្រីជប៉ុន ដើម្បីឱ្យរដ្ឋាភិបាលជប៉ុនជួយដល់កម្ពុជា លើបញ្ហាខ្វះខាតអគ្គិសនី ដោយ​សុំឱ្យ​ជប៉ុនផ្តល់នូវហិរញ្ញប្បទាន ដើម្បីបន្តការវិនិយោគលើបណ្តាញតង់ស្យុងខ្ពស់​៥០០គីឡូវ៉ុ​ល​ ចាប់ពីព្រំដែនឡាវ មកដល់រាជធានីភ្នំពេញដែលមានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រោះកម្ពុជា​បាន​ចរចាជាមួយឡាវរួចហើយ ដោយឡាវមានអគ្គិសនីតែគ្មានទីផ្សារដើម្បីបញ្ចេញ។

សម្ដេច​តេ​​ជោ ថ្លែងទៀតថា ជាងនេះទៀតក៏មានម៉ាស៊ីនមួយចំនួនកំពុងតែដំឡើង ដូចជាក្រុមហ៊ន​មក​ពី​ប្រទេសម៉ាឡេស៊ី កំពុងតម្លើងនៅឯខេត្តព្រះសីហនុ ដែលមានអានុភាព ១៣៥មេហ្គាវ៉ាត់ ដោ​យ​​យកម៉ាស៊ីន ពីក្រុមហ៊ុន JE របស់អាម៉េរិក យកមកដំឡើងដោយ ក្រុមហ៊ុន តូស៊ីបា របស់ជប៉ុន​។​ ដូច្នេះយើងត្រូវមានថាមពលអគ្គិសនី ដើរដោយទឹកនៅរដូវ វស្សា ហើយខែប្រាំងត្រូវមានថាម​ព​លអគ្គិសនី ដើរដោយវារីអគ្គិសនីផង រួមជាមួយ ធ្យូងថ្ម ហ្គាស និងប្រេងខ្មៅផងដែរ។

សម្ដេ​ច​តេ​ជោគូសបញ្ជាក់ថា ផែនការអគ្គិសនី ត្រូវរៀបចំឡើវិញ ដើម្បីឱ្យទាន់និងការ រីកលូត​លាស់​របស់​​ប្រទេស។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងនូវការអធ្យា ស្រ័យពីប្រជាពលរដ្ឋ ដែ​ល​កន្លងទៅមានកាត់ភ្លើងនៅកន្លែងនេះ ឬកន្លែងនោះ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ក៏ប៉ុន្តែ​ឥឡូវ​តាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថាន​ភាព​ក​ង្វះ​​អគ្គិសនីនេះទេ បើទោះបីជា វារីអគ្គិសនីដើរមិនបាន ក៏ប៉ុន្តែអគ្គសនីដែលដើរដោយធ្យូងថ្ម ហ្គា​ស និងប្រេងឥន្ធនៈ និងត្រូវដំណើរការដើម្បីបំពេញឱ្យការខ្វះខាត៕

ដោយ ជឹម ណារី