រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្នើឱ្យគណៈប្រតិភូអឺរ៉ុប-អាស៊ានជួយផ្សព្វផ្សាយសមាជិករបស់ខ្លួន មកបណ្តាក់ទុននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានស្នើឱ្យគណៈប្រតិភូអឺរ៉ុប-អាស៊ាន ជួយផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សមាជិក របស់​​ខ្លួន​មកបណ្តាក់ទុនលើគ្រប់វិស័យនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជា លើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋកម្ពុជាតាមរយៈការផ្ទេរចំណេះដឹង, ជំនាញ និងបច្ចេកវិទ្យាថ្មីៗ។ ការស្នើនេះធ្វើឡើង ខណៈឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧប​នាយករដ្ឋមន្រ្តីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council “EU-ABC”) ដឹកនាំដោយលោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ដើម្បីពិភាក្សា និងឈ្វេងយល់អំពីស្ថានភាព និងកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្ម ជាពិសេស ការដាក់​ទុនវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប មកកាន់កម្ពុជា កាលពីចុងខែឧសភា កន្លងមកនេះ នាទីស្ដី​ការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា តែងតែ​ចាត់ទុកវិស័យឯកជនជាដៃគូ និងថាជាចលករមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ហើយក៏បាននិងកំពុងរៀបចំផែនការមេស្តីពីការដឹកជញ្ជូននៅកម្ពុជា ផែនការមេស្តីពី ឡូជីស្ទីក និងកំពុងពិនិត្យជាបន្ទាន់លើតម្រូវការផែនការមេស្តីពីវិស័យអគ្គិសនី ដើម្បីឆ្លើយតប​ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រាដកនិយម ចំពោះកង្វះខាតអគ្គិសនីនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ចំពោះការអភិវឌ្ឍវិស័យ ធានារ៉ាប់រង និងទីផ្សារ​មូលប័ត្រ បើទោះជាវឌ្ឍនភាពនៅមានកម្រិត រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងគិតគូរ និងផ្តល់អាទិភាពក្នុងការបន្តគាំទ្រ និងអភិវឌ្ឍន៍វិស័យនេះបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន បានសន្ទនាគ្នាដោយផ្តោតលើចំណុចគន្លឹះ និងថ្មីៗ ដែលជាចរន្តសកល ក្នុងនោះ​រួមមាន ឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មមកលើសេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ភាពប្រកួត ប្រជែងរបស់កម្ពុជា។ គណៈប្រតិភូបានលើកឡើងពាក់ព័ន្ធនឹងផលវិបាក និងឥទ្ធិពលនៃ សង្រ្គាមពាណិជ្ជកម្មនាពេលបច្ចុប្បន្ន មកលើសេដ្ឋកិច្ចកម្ពុជា ដូចជាគោលនយោបាយ, ភាព ធន់​របស់​សេដ្ឋកិច្ចកម្ពុជា និងវិធានការសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ ចេញ ដើម្បី​លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលអវិជ្ជមាន នៃ​សង្រ្គាម​ពាណិជ្ជកម្ម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា សង្រ្គាមពាណិជ្ជ​កម្មនឹងជះឥទ្ធិពលអវិជ្ជមានចំពោះគ្រប់ប្រទេសទាំងអស់ ទោះបីប្រទេសមានសេដ្ឋកិច្ចតូចក្តី ធំក្តី។ ចំពោះកម្ពុជា, ក្នុងរយៈពេលខ្លី និងមធ្យម, កម្ពុជាមិនទាន់ទទួលឥទ្ធិពលអវិជ្ជមាន ឬផល ​វិបាកភ្លាមកើតចេញពីសង្គ្រាមពាណិជ្ជកម្មនេះទេ ព្រោះថា សេដ្ឋកិច្ចកម្ពុជាទោះបី​ជា​សេដ្ឋកិច្ច​តូច តែបើកចំហ មានភាពអំណោយផលទីផ្សារផលិតផលនាំចេញរបស់កម្ពុជាចម្រុះ សម្រាប់​ទាំងទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុបផងដែរ។ តាមទិន្នន័យស្ថិតិចុង​ក្រោយ ការ​នាំចេញក៏ដូចជាវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជានៅតែបន្តមានកំណើនប្រសើរ។ ប្រការ នេះ អាចមានន័យថា សង្គ្រាមពាណិជ្ជកម្មក៏អាចបង្កើតជាឱកាសសម្រាប់ប្រទេសកំពុង អភិវឌ្ឍន៍ដូចជាកម្ពុជា ក្នុងការពង្រីកទីផ្សារនាំចេញរបស់ខ្លួន និងទាញយកលំហូរវិនិយោគ បន្ថែមផងដែរ។ ទោះជាយ៉ាងនេះក្តី, ក្នុងរយៈពេលវែង, ករណីសង្គ្រាមពាណិជ្ជកម្មនៅតែ​អូស បន្លាយរយៈពេលវែង កម្ពុជាអាចនឹងប្រឈមនឹងផលប៉ះពាល់អវិជ្ជមាន ដូចជា ការថយចុះនៃ​លំហូរភ្ញៀវទេសចរអន្តរជាតិ និងលំហូរទុនវិនិយោគបរទេស ដែលបណ្តាលមកពីកំណើន​យឺតនៃ​សេដ្ឋកិច្ចសកលលោក។ ក្នុងបរិការនេះ, កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការលើក កម្ពស់​ភាពប្រកួតប្រជែង តាមរយៈការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច នៅគ្រប់វិស័យ​ដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចកម្ពុជាក៏ដូចជា ដើម្បីចាប់យកកាលានុវត្តភាពនានា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ទៀតថា សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្នុងវិទិកាផ្នែកឯកជន និងរដ្ឋាភិបាលលើកទី១៨ នាពេលថ្មីៗនេះ, បានដាក់​ចេញ​នូវវិធានការមុតស្រួចជាកញ្ចប់មួយចំនួនក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងរបស់​កម្ពុជា ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដែលរួមមាន ការលើក​កម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកាត់បន្ថយថ្លៃអគ្គិសនី ការបន្តកសាង-ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត, និងការបន្តកំណែទម្រង់ស្ថាប័នជាដើម។ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល​នៅ​កម្ពុជា គណៈប្រតិភូ ក៏មានចំណាប់អារម្មណ៍អំពីផែនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីបច្ចុប្បន្នភាព ក៏ដូចជា ផែនការ​នាពេលអនាគតនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា បាន និងកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចឌីជីថល, មាន​ការ​សិក្សាពីផែនការមេសម្រាប់សេដ្ឋកិច្ចឌីជីថល ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍​វិស័យថ្មីនេះ, រៀបចំជាបណ្តើរៗនូវក្របខ័ណ្ឌគតិយុត្តិ និងយន្តការចាំបាច់ឆ្លើយតបទៅនឹង​តម្រូវការជាក់ស្តែងបច្ចុប្បន្ន, រួមមាន ការរៀបចំច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (Laws on E-commerce), ការង្កើតក្រុមការងារដើម្បីពិនិត្យលើពន្ធអាករអេឡិចត្រូនិច (E-tax), ការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” ដើម្បីលើកកម្ពស់ធុរកិច្ចថ្មី និងការគិត គូរពីការបង្កើត Payment Platform ជាដើម៕

ដោយ គង់ សិរីរ័ត្ន