ជំងឺគ្រុនឈាមកំពុងរាតត្បាតនៅក្នុងខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ — នៅដើមរដូវវស្សាឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងខេត្ត រតនគិរី នេះបើតាមប្រសាសន៍របស់ លោក មាន វណ្ណា ប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុន ឈាមនៃមន្ទីរសុខាភិបាលខេត្តរតនគិរី។

លោក មាន វណ្ណា បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នេះថា ជំងឺគ្រុនឈាម បាន និងកំពុងរាតត្បាតនៅភូមិកាឡាន់ញ៉ៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។ ការផ្ទុះ ឡើងជំងឺគ្រុនឈាមនេះមានឡើងនៅចុងខែឧសភា គិតមកដល់ពេលនេះមានរយៈពេល ៥ថ្ងៃ ហើយសរុបមានចំនួន ៨៧ករណី តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្ត បានចាត់មន្រ្តីជំនាញចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់ប្រភព មូស ខ្លានៅទីតាំងផ្ទុះជំងឺនេះ កាលពីថ្ងៃទី០២ ហើយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរបាន យកម៉ាស៊ីនបាញ់ថ្នាំខ្នាតធំបន្តប្រតិបត្តិការថែមទៀត។

ជំងឺគ្រុនឈាមដែលបានរាតត្បាតក្នុងភូមិសាស្រ្តខាងលើនេះ គឺកើតលើមនុស្សទូទៅ មិនថាចាស់ ឬក្មេងនោះឡើយ ប៉ុន្តែភាគច្រើនក្នុង៨៧ករណីនេះ គឺកុមារមាន ចំនួនច្រើនជាង មនុស្សពេញវ័យ ហើយបច្ចុប្បន្នមន្រ្តីជំនាញកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាម បាន និងកំពុង ពិនិត្យព្យាបាលជំងឺនៅនឹងកន្លែង ២៤ម៉ោងលើ ២៤ម៉ោង ហើយមានរថយន្តសង្រ្គោះ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមបង្ការក្នុងករណីដែលអ្នកជំងឺមានសភាពធ្ងន់ធ្ងរដឹកយកមកមន្ទីរ ពេទ្យបង្អែកខេត្ត៕

ដោយ៖ ណយ នឿន