អភិបាលខេត្តបន្ទាយមានជ័យ ជំរុញរួមគ្នាគាំទ្រការរឹតបន្តឹងអនុវត្តន៍ច្បាប់​ចរាចរណ៍ផ្លូវគោក

AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩​ — អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ​អ៊ុំ រាត្រី បានថ្លែងអំពាវនាវដោយជំរុញ រួមគ្នា ការ​រឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីកាត់ បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានជាញឹកញាប់នៅតាមដងផ្លូវសាធារណៈនោះ។ ការថ្លែងបែបនេះរបស់ឯកឧត្តម នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ​ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រារព្ធធ្វើនៅបរិវេណសួនមានជ័យ​ ក្រុងសិរីសោភ័ណនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ មានការចូលរួមពីមន្ត្រីរាជការ សមត្ថ​កិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់​ ប្រជាពលរដ្ឋ គរុសិស្ស និស្សិត​ប្រមាណជាង៥០០នាក់។

​ អភិបាល​ខេត្តប​ន្ទាយមានជ័យឯកឧត្តម ​អ៊ុំ រាត្រី​​​ បានបញ្ជក់ថា ការប្រារព្ធទិវានេះឡើង​ ក្នុង​គោលបំណង​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ទាំងមូល​​ឱ្យ​ខិតខំ​ផ្លាស់ប្ដូរ​ឥរិយាបថ ​ដែល​ធ្លាប់​តែ​មាន​ភាព​អនាធិបតេយ្យ​ មិន​គោរព​ច្បាប់​ ​ឱ្យ​មានសណ្ដាប់ធ្នាប់ ​និង​របៀបរៀបរយឱ្យ​ចេះ​អធ្យា​ស្រ័យ​គ្នា​នៅ​ពេល​ធ្វើដំណើរ​ ដើម្បី​ធ្វើ​ឱ្យទទួល​បាន​ជោគជ័យនូវ​ផែនការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​រដ្ឋាភិបាល​ដែលបាននៅចេញនោះ។ឯកឧត្តម អ៊ុំ រាត្រី បាន​បន្តទៀតថា​ ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតមាន​ឡើងជា​ញឹកញាប់​នៅ​តាម​ដង​ ផ្លូវ​សាធារណៈ ជា​ពិសេស​ផ្លូវជាតិ​តែម្ដងដែលបាន ​ធ្វើ​​ឱ្យ​អត្រា​មនុស្ស​ស្លាប់​ និង​រង​របួស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ​បាន​បន្សល់ទុក​ស្ត្រី​មេម៉ាយ កូនកំព្រា និង​ការ​និរាស​ព្រាត់ប្រាស​ក្នុង​គ្រួសារជន​ពិការ​ជា​ច្រើន​រយ​ពាន់​នាក់ ដែល ជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់គ្រួសាររាជរដ្ឋាភិ​បាល និងសង្គមជាតិទាំងមូល។

ឯក​ឧត្តមគូសបញ្ជាក់ថា មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មកពី​កត្តា​មនុស្ស​មិន​គោរព​ច្បាប់ បើកបរ​លឿន​ហួស​ល្បឿន​កំណត់ បើក​ធ្វេសប្រហែស និង​បើកបរ​ក្នុង​ពេល​ស្រវឹង​ជាដើម។ ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការរម្លឹកដល់សមត្ថកិច្ច ពាក់ព័ន្ធ និងអ្នកដែលបានចូលរួមទាំងអស់ឱ្យបន្តធ្វើការផ្សព្វផ្សាយនៃច្បាប់ចរាចរណ៍ផ្លូវគោក នេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងទៅកាន់មិត្តភក្តិដើម្បីឱ្យពួកគាត់បានយល់ កាន់តែច្បាស់ ហើយចូលរួមទាំង​អស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់៕

ដោយ ឈុន សារ៉ាត