កម្ពុជា-មីយ៉ានម៉ា ប្ដេជ្ញាជំរុញវិស័យសេដ្ឋកិច្ចឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៣ ០៦ ២០១៩
ភ្នំពេញ៖ កម្ពុជា-មីយ៉ានម៉ា បានបង្ហាញជំហរក្នុងការជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរីចម្រើន និងមានជីវភាពធូធារ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិ្តបត្តការអន្ដរជាតិ និងឯកឧត្តម យូ មីយិន សៅ (U Myint Soe) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលគ្រោងនឹងបញ្ចប់អាណត្តិការទូត ប្រចាំនៅកម្ពុជានាពេលខាងនេះ នៅទីស្ដីក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី ៣ ខែ មិថុនានេះ ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ភាគីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចំរើនយ៉ាងខ្លាំង ជាពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ច៧ភាគរយ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្តថា ប្រជាពលរដ្ឋកម្ពុជា មានភាពញញឹមរាក់ទាក់ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលនេះបង្ហាញឲ្យឃើញពីភាពជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន និងតំបន់អន្តរជាតិ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០១៧។ ឯកឧត្តម កេត សោផាន់ បានលើកយកសម្តីរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កន្លងមកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានភាពប្រសើរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាញឹកញាប់។
សំឡេង៖ ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ យើងកត់សម្គាល់ឃើញថា ឆ្នាំមុននេះមានការកើនឡើងទ្វេដង គឺកើនឡើងឆ្នាំ២០១៧ មាន៤លាន ក្នុងឆ្នាំ២០១៨យើងមាន១០លានទំហំពាណិជ្ជកម្ម ប៉ុន្ដែទោះបីមានការកើនឡើងយ៉ាងនេះក៏ដោយ ប្រទេសទាំងពីរមានសក្តានុពលច្រើនដើម្បីពង្រីកទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ ដូច្នេះហើយបានជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើកិច្ចព្រមព្រៀងអនុវត្តនូវកិច្ចព្រមព្រៀងទាំងឡាយដែលប្រទេសទាំងពីរមាន ក៏ដូចជាបញ្ចប់កិច្ចព្រមព្រៀង ក៏ដូច MOU ផ្សេងៗដែលប្រទេសទាំងពីរកំពុងធ្វើ ឧទាហរណ៍ គឺដើម្បីជំរុញផ្នែកពាណិជ្ជកម្មនេះយើងមានថ្នាក់ដឹកនាំលោកស្រីសានសូជី ក្នុងជំនួបជាមួយសម្តេចតេជោ នាពេលថ្មីៗនេះគឺបានឯកភាពគ្នាដែរឯកសារចំនួនពីរដែលត្រូវចំណុចទី ១ គឺការមិនយកពន្ធត្រួតគ្នានិងកិច្ចព្រមព្រៀងមួយទៀតស្តីពីការជំរុញនិងការការពារវិនិយោគនៅក្នុងប្រទេសទាំងពីរនេះគឺជាកិច្ចព្រមព្រៀងទាំងពីរដែលយើងត្រូវជំរុញឲ្យបានសម្រេច។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាថា ប្រទេសកម្ពុជាតែងតែគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា និងគាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗរបស់មីយ៉ាន់ម៉ារក្នុងដំណើរការផ្សះផ្សារដើម្បីសន្តិភាព និងនៅតែបន្តធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ាក្នុងនាមជា គ្រួសារអាស៊ាន កិច្ចសហប្រតិបត្តិការតំបន់ និងវេទិកាអន្តរជាតិផ្សេងទៀត៕