សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស ទីម័រលេស

វិទ្យុជាតិកម្ពុជា៖ ដោយលោជៀង យ៉ារ៉េត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមDionisio Babo Soares រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេស ទីម័រលេស ( Timor-Leste) នៅវិមានសន្តិភាព។

ឯ.ឧ Babo Soares បាននាំពាក្យផ្តាំផ្ញើសួរ សុខទុក្ខពីឯកឧត្តមនាយករដ្ឋមន្ត្រី និង ឯ.ឧប្រធានាធិបតីនៃប្រទេសទីម័រលេស គោរពជូនចំ ពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏បានគោរពជម្រាបជូនសម្តេចតេជោថា លោកមាន ការគោរពសម្ដេចតេជោនាយករដ្ឋមន្ត្រីជាខ្លាំងចំពោះវីរភាពដឹកនាំ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងប្រទេសកម្ពុជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ ឯ.ឧ Babo Soares បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទីម័រលេសកាលពីឆ្នាំ ២០១៦ បានធ្វើឲ្យប្រទេសទីម័រលេស ក៏ដូចជាប្រជាពល រដ្ឋមានអារម្មណ៍ហាក់បីដូចជាប្រទេសមួយមានសម្ព័ន្ធភាពជាមួយកម្ពុជា ដូចជាប្រទេសជាបង ប្អូន ហើយជាងនេះទៅទៀតឯ.ឧបានគោរពថ្លែង អំណរគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋ មន្ត្រីផងដែរ ចំពោះរាល់ការគាំទ្រទាំងឡាយដែលសម្ដេចតេជោបានផ្ដល់ឱ្យប្រទេសទីម័រលេស ។ ឯ.ឧ Babo Soares បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់ឯ.ឧមកព្រះរាជាណា ចក្រកម្ពុជានាពេលនេះ គឺដើម្បីធ្វើយ៉ាងណា រឹត ចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខហើយក៏ថ្លែងអំណរគុណផងដែរចំពោះការទទួល យកចិត្តទុក្ខដាក់នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោដែលបានធ្វើដំណើរទៅប្រទេសទីម័រលេសកាលពីឆ្នាំ ២០១៦ កន្លងទៅ។ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសា សន៍ថា ក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចតេជោបានកត់សម្គាល់ថា ប្រទេសទីម័រលេសបានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការចូលខ្លួនជាសមាជិកអាស៊ានទាំងការរៀបចំឲ្យមានស្ថានទូតនៅគ្រប់ប្រទេសទាំងអស់នៅក្នុងបណ្តាប្រទេសអា ស៊ានក៏ដូចជាសមត្ថភាពរបស់មន្ត្រីរាជការ រួមទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសទីម័រលេសផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ថា យើងគប្បីប្រឹងប្រែងរួម គ្នាធ្វើយ៉ាងណាជំរុញនៅលើរាល់អ្វី ដែលយើងអាចធ្វើបានដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរួមទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវិនិយោគ ទេសចរណ៍ ក៏ដូចជាវិស័យវប្បធម៌ជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវក្តីរីក រាយផងដែរ ចំពោះនិស្សិតទីម័រលេសដែលនឹងត្រូវមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលអាហាររូបករណ៍សិក្សានៅប្រទេសកម្ពុជាចំនួន ១០នាក់ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ឲ្យកាលពីឆ្នាំ២០១៦ កន្លងមកនោះ៕