ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទឆ្នាំ២០១៨

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់​ អគ្គ​នាយករង នៃអគ្គនាយក​ដ្ឋាន​សវនកម្មផ្ទៃ ក្នុងក្រសួងមហាផ្ទៃ និងលោក​ឧត្តមសេនីយ៍ទោ ជួន​ ណា​រិន្ទ​ ស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ បាន​ដឹក​នាំ​បើកកិច្ច​ប្រជុំ​ធ្វើសវនកម្មផ្ទៃក្នុងលើការិយបរិច្ឆេទឆ្នាំ២០១៨ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដោយមានការចូលរួមពីលោក លោក​ស្រី​ស្នងការ​រង​នគរបាល​ខេត្ត​នាយការិ​យា​ល័យ​ជំនាញ​ អធិការ​នគរបាល​ក្រុង​ ស្រុក​ និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្នុងខេត្តនាព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងទី០៣ ខែមិថុនា ឆ្នាំ​២០១៩។លោកឧត្តមសេនីយ៍ទោ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ បាន​ធ្វើរបាយការណ៍ស្វាគមន៍អំពីសភាពការណ៍ សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈក្នុងខេត្ត ​និងរចនា​សម្ព័ន្ធ​របស់​កងកម្លាំង​នគរបាលខេត្តព្រះសីហនុ ក្នុងការអនុវត្តការងារទទួលបាន លទ្ធផលល្អប្រសើរ។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់​ អគ្គ​នាយក​រង​សវនកម្ម​ផ្ទៃ ក្នុងបាន​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​សវនកម្ម​ផ្ទៃក្នុង​សម្រាប់​ការិយ​បរិច្ឆេទ សម្រាប់ឆ្នាំ​២០១៨​ ដើម្បី​ត្រួត​ពិនិត្យ​វាយតម្លៃ​លើ​ការ​កែ​លម្អ​រាល់សកម្មភាព និងចំណុចខ្វះខាតមួយចំនួនក្នុងបណ្តាឆ្នាំ​កន្លងមក ការ​ពិនិត្យ​ទៅលើ​ការ​ងារគ្រប់គ្រងធនធានមនុស្ស ​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​អចលនទ្រព្យ និង​ការ​ត្រួត​ពិនិត្យកញ្ចប់​ថវិកា​ ភូមិ ឃុំមានសុវត្ថិភាពជា​ដើម​ ពិសេសការទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ពិសេសល្បែងស៊ីសង និងគ្រឿងញៀន។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានជំរុញឱ្យមន្ត្រីនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុក ដាក់បន្ថែមទៀត ក្នុងការអនុវត្តតួនាទី ភារកិច្ចជាមន្ត្រីនគរបាល ខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋមានជំនឿទំនុកចិត្តលើកងកម្លាំងមន្ត្រីនគរបាល និងរាយ ការណ៍ពីសភាពការណ៍ក្នុងការចុះបង្ការ បង្ក្រាបបានទាន់ពេលវេលា៕

ដោយ ងូ សុមុនី