រដ្ឋមន្ត្រីការបរទេសទីម័រឡេស្ត ថ្លែងអណរគុណចំពោះការ​គាំទ្រទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្ដម Dionisio da Costa  Babe Soares រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិ​បត្តិ​កា​រ​នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណចំពោះការគាំទ្រ​ទាំង​ឡា​​​​​​យរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា​ចំពោះប្រទេសទីម័រឡេ​ស្ត​។​ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ​ប្រាប់​អ្ន​ក​​យកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Dionisio da Costa  Babe Soares រដ្ឋម​ន្ត្រីកា​រប​រ​ ទេស និងកិច្ចសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រ​តិ​ភូ​​ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងខណៈដែលឯកឧត្ដម​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្ដម Babe Soares បានពាំ​នាំ​នូវការគោរព​និងពាក្យផ្ដាំផ្ញើសាកសុខ​ទុក្ខពីនាយក​រដ្ឋមន្ត្រី និងប្រធានាធិបតីទីម័រឡេស្ត​ជូន​ចំ​ពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយបានជម្រាប​ជូនសម្ដេចតេជោថា ឯកឧត្ដមានការ​គោរ​ពសម្ដេចតេជោយ៉ាងខ្លាំង ចំពោះវីរភាពដឹកនាំរបស់​សម្ដេចតេជោ និងការយកចិត្តទុកដាក់​ចំ​ពោះ​ប្រជាជន និងប្រទេសកម្ពុជា របស់សម្ដេច​តេជោ។ ឯកឧត្ដមបាន​បន្ត​ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់​ប្រទេសទីម័រឡេស្តកាល​ពី​ឆ្នាំ​២០១៦ បានធ្វើឱ្យប្រទេស និងប្រជាជនទីម័រឡេស្ត មាន​អារម្ម​ណ៍​ហាក់បីដូចជា ប្រទេសមួ​យ​មាន​សម្ព័ភាពជាមួយនឹងកម្ពុជា។ ឯកឧត្ដក៏បានថ្លែង​អំណរ គុណជូនចំពោះសម្ដេចតេជោ ហ៊ុ​ន​ សែន ផងដែរចំពោះនូវរាល់ការគាំទ្រទាំងឡាយ ដែល​សម្ដេចតេជោ​បានផ្ដល់ឱ្យប្រទេស​ទី​ម័​រ​​ឡេស្ត ហើយក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមក​កាន់ព្រះរាជាណាចក្រកម្ពុជា​នាពេ​ល​នេះ​ គឺដើម្បីធ្វើយ៉ាងណាពង្រឹងនូវទំនាក់ទំនង កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកា​ន់​​តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការផ្ដាំផ្ញើសាក​សួរ​សុខទុក្ខ ហើ​យ​ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការទទួលយកចិត្ត​ទុកដាក់ក្នុង​ដំណើរ ទស្សនកិច្ច​រប​ស់សម្ដេចទៅកាន់ប្រទេសទីម័រឡេស្ត កាលពីឆ្នាំ២០១៦កន្លងមក។ សម្ដេចតេ​ជោនាយក​រដ្ឋ​មន្ត្រី​បានមានប្រសាសន៍បន្តថា នៅក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចបានកត់​សម្គាល់​ឃើញ​ប្រ​ទេ​សទីម័រឡេស្ត បានត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការចូលខ្លួនជា​សមាជិកអាស៊ាន ទាំង​ការ​រៀបចំឱ្យមានស្ថានទូតទាំងអស់នៅគ្រប់បណ្ដាប្រទេសអាស៊ាន ក៏ដូចជាសមត្ថភាព​របស់​ម​ន្ត្រី​​រាជការ  និងសេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់ទីម័រឡេស្តផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី​រវា​ង​ប្រទេសទាំងពីរ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា គប្បីណាប្រឹងប្រែងរួម​គ្នាធ្វើយ៉ាង​ណា​ ជំរុញនូវអ្វីដែលប្រទេសទាំងពីរអាចធ្វើបាន ដើម្បីពង្រីក​កិច្ចសហប្រតិបត្តិការរួមលើ​វិស័​យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ក៏ដូចជា វប្បធម៌ ជាដើម។ សម្ដេច​តេជោ​នាយ​ករដ្ឋមន្ត្រីក៏បានថ្លែងនូវសេចក្ដីរីករាយផងដែរ ចំពោះ និស្សិតទីម័រឡេស្តចំនួន១០រូប ដែល​ត្រូវ​បានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួល​អាហាររូបករណ៍មកសិក្សានៅកម្ពុជា ដែ​ល​​សម្ដេចបានផ្ដល់ជូនកាលពីឆ្នាំ២០១៦កន្លងមក៕

ដោយ ជឹម ណារី